ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ រឿងលក់ដីខ្យល់ ជាង៥០ហិក​តាឆបោកជនជាតិចិនជិត៣លានដុល្លារ

64

(ភ្នំពេញ)បុរសម្នាក់ពាក់ព័ន្ធរឿងលក់ដីខ្យល់ជាង៥០ហិកតាឲ្យជនជាតិចិនត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនតាមដីការបស់តំណាងអយ្យការនៅព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះ 

ជនសង្ស័យមានឈ្មោះកែវមុនីរតន៍អាយុ៥៥ឆ្នាំស្នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មLEGCY ជាន់ទី៤ផ្លូវមហាវិថីម៉ៅសេទុងសង្កាត់ទួលទំពូងខណ្ឌចំការមនរាជធានីភ្នំពេញពាក់ព័ន្ធករណីឆបោកក្នុងអំពើទិញលក់ដីខ្យល់ជិត៦០ហិកតា  ក្នុងទំហំទឹកប្រាក់ជិត៣លានដុល្លារឲ្យទៅពាណិជ្ជករចិននៅក្នុងខេត្តកំពង់ស្ពឺ។សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានបង្ហើបថាជនសង្ស័យកំពុងមានមន្ត្រីនគរបាលថ្នាក់នាយឧត្តមសេនីយ៍នៃក្រសួងមហាផ្ទៃម្នាក់កំពុងរត់ការខ្វែងខ្វាត់ដើម្បីឲ្យតុលាការដោះលែងជននេះឲ្យមានសេរីភាព។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះកែវមុនីរតន៍ត្រូវបានជនរងគ្រោះជាជនជាតិចិនប្តឹងពីបទឆបោកប្រាក់ចំនួន២៩០០០០០ដុល្លារពាក់ព័ន្ធករណីទិញលក់ដីធ្លីទំហំ៥៨ហិកតានៅចំណុចគីឡូត៍ម៉ែត្រលេខ៣២តាមបណ្តោយផ្លូវជាតិលេខ៤១ស្ថិតនៅភូមិព្រៃឃ្លេឃុំពោធិ៍ម្រាលស្រុកបសេដ្ឋខេត្តកំពង់ស្ពឺកាលពីអំឡុងខែតុលាឆ្នាំ២០១៩កន្លងទៅ។

បឮជនសង្ស័យនិងមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៃក្រសួងមហាផ្ទៃបានធ្វើកិច្ចសន្យាទិញលក់ដីខាងលើឲ្យទៅជនជាតិចិនដោយអះអាងថាជនសង្ស័យជាម្ចាស់ដីផ្ទាល់និងមានមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃជាសាក្សីប៉ុន្តែតាមការពិតពួកគេពុំមានដីប្រគល់ឲ្យជនរងគ្រោះតាមកិច្ចសន្យាឡើយទើបជនរងគ្រោះប្តឹងឲ្យតុលាការជួយរកយុត្តិធម៌ឲ្យតែម្តងទៅ។

ជនសង្ស័យនិងបក្ខពួកបានប្រើឧបាយកលក្រោមរូបភាពដើរប្រមូលទិញដីប្រជាពលរដ្ឋដោយកក់ប្រាក់បន្តិចបន្តួចរួចលបលួចធ្វើប្លង់មេយកទៅលក់បន្តឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះ។នៅពេលក្រុមហ៊ុនរបស់ជនរងគ្រោះប្រគល់លុយឲ្យជនសង្ស័យនិងបក្ខពួកយកទៅឲ្យថ្លៃដីរបស់ប្រជាពលរដ្ឋបែរជាពួកគេយកទៅចាយអស់។

បន្ទាប់ពីក្រុមហ៊ុនទៅរកដីដែលបានទិញពីជនសង្ស័យបែរជាប្រជាពលរដ្ឋមិនព្រមប្រគល់ដីនោះជូនក្រុមហ៊ុនដោយចោទប្រកាន់ថាក្រុមហ៊ុនមិនទាន់ប្រគល់លុយថ្លៃដីឲ្យពួកគេនៅឡើយ។

ដោយសារតែជនសង្ស័យនិងបក្ខពួកប្រើល្បិចបោកប្រាស់ទាំងប្រជាជននិងក្រុមហ៊ុនបែបនេះហើយទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងជនសង្ស័យនិងបក្ខពួកទៅកាន់តុលាការដើម្បីឲ្យជួយរកយុត្តិធម៌ជូនក្រុមហ៊ុននិងប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង