បើក“មហោស្រពសិល្បៈលើដងវិថី” (Street Art Fest++)
ភ្នំពេញ៖លោកស្រីភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញចូលរួមពិធីបើក“មហោស្រពសិល្បៈលើដងវិថី” (Street Art Fest++) ដើម្បីអបអរសាទរខួបការទូតលើកទី៥៥រវាងកម្ពុជា–សិង្ហបុរី។
កាលពីល្ងាចថ្ងៃសៅរ៍៧រោចខែមាឃឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នៅWB Arena សង្កាត់ចាក់អង្រែក្រោមលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក“មហោស្រពសិល្បៈលើដងវិថី” (Street Art Fest++) ដើម្បីអបអរសាទរខួបការទូតលើកទី៥៥រវាងកម្ពុជា– សិង្ហបុរី។បើយោងតាមប្រសាសន៍របស់លោកស្រីរដ្ឋមន្ត្រីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរគឺត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្តូរយ៉ាងទៀងទាត់នូវទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ក្នុងរយៈពេល១ទសវត្សចុងក្រោយនេះទំនាក់ទំនងសេដ្ឋកិច្ចទេសចរណ៍វប្បធម៌និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសទាំងពីរគឺមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងក្របខ័ណ្ឌអាស៊ាន។
តាមរយៈកិច្ចសហការរួមគ្នារៀបចំមហោស្រពនាឱកាសនេះលោកជំទាវជឿជាក់ថាវានឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីគ្នាទៅវិញទៅមកការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរការលើកកម្ពស់ភាពទុកចិត្តនិងគាំទ្រគ្នាទៅវិញទៅមកព្រមទាំងការកសាងសន្តិភាពនិងការអភិវឌ្ឍសម្រាប់មនុស្សជាតិគ្រប់ៗរូប។ក្រៅពីសារអបអរសាទរចំពោះខួបការទូតលើកទី៥៥នេះលោកស្រីរដ្ឋមន្ត្រីក៏បានបង្ហាញនូវសុទិដ្ឋិនិយមផងដែរថាទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការគ្រប់វិស័យនិងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀតនាពេលអនាគត។
សូមបញ្ជាក់ថាមហោស្រពសិល្បៈលើដងវិថីនេះនឹងបើកឱ្យចូលទស្សនានិងកម្សាន្តដោយសេរីចាប់ពីថ្ងៃទី១៦– ២៩ខែកុម្ភៈឆ្នាំ២០២០៕