ប្រជាជនចំនួន២៥គ្រួសារ រងគ្រោះដោយអគ្គីភ័យ បំផ្លាញផ្ទះបានទទួលអំណោយ
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងដែលដឹកនាំដោយ លោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា និង លោក ធីម សំអាន ប្រធានអនុសាខា និង ជាអភិបាលខណ្ឌបឹងកេងកងព្រមទាំងក្រុមការងារ បាននាំយកអំណោយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនដល់ដៃបងប្អូនប្រជាជនដែលរងគ្រោះដោយសារអគ្គីភ័យ បំផ្លាញផ្ទះពួកគាត់កាលពីរសៀលថ្ងៃម្សិលមិញនេះពោលគឺថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២០នេះដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលស្ថិតនៅ សង្កាត់បឹងកេងកង ទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដែលមានចំនួន២៥គ្រួសារ ។
ខណៈពេលនោះដែរ លោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា និងលោក ធីម សំអានប្រធានអនុសាខា ខណ្ឌបឹងកេងកងបានពាំនាំនូវការផ្តាំផ្ញើរីសាកសួរសុខទុកពីសំណាក់ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយបានសម្តែងនូវការចូលរួមសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយបងប្អូនក្រុមគ្រួសារដោយរងគ្រោះអគ្គីភ័យបំផ្លាញផ្ទះ។ទន្ទឹមនឹងនេះ ដែរលោកប្រធានកិត្តិយស និងលោកប្រធានអនុសាខាក៏សូមអំពាវនាវដល់ទៅបងប្អូនប្រជាជនទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នជានិច្ចនូវ ភ្លើងទៀន ធូប ចង្ក្រាន ហ្គាស និងវត្ថុផ្សេងៗដែលងាយឆាបឆេះ ផងដែរនិងការតបណ្តាញអគ្គិសនីប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនូវគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។
អំណោយមនុស្សធម៍ដែលបានផ្តល់ជូនដល់ដៃបងប្អូនប្រជាជនដែលរងគ្រោះដោយអគ្គីភ័យបំផ្លាញផ្ទះពួកគាត់នោះដោយមួយគ្រួសារៗទទួលបាន នូវអង្ករ៣០គីឡូក្រាម មី១កេស តង់១ ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ទឹកក្រូច៥កំប៉ុង ស្ករស២គីឡូ តែ៥កញ្ចប់ ឃីត១កញ្ចប់ មុង១ ភួយ១ សំភារះផ្ទះបាយ៦មុខ ថវិកា៨មឺុនរៀល៕
