នគរបាលខេត្តបាត់ដំបង ចាប់ជនល្មើសម្នាក់ លួចគណនីហ្វេសប៊ុកអ្នកដទៃ (ឆាតChat ) ឲ្យផ្ញើប្រាក់ឲ្យខ្លួន
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ពូកែខាងលួចគណនីហ្វេសប៊ុកអ្នកដទៃ (ឆាតChat) ឲ្យផ្ញើប្រាក់ឲ្យខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង នាំខ្លួនតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
នគរបាលស្រុកបាណន់ បានឲ្យដឹងថា ពីថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចការស្នើសុំកិច្ចសហការអនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំមន្ត្រីនគរបាលក្នុងក្រុមការងារអនុវត្តដីកា នៃស្នងការដ្ឋាន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ធ្វើការនាំខ្លួនឈ្មោះ រ៉េន សារី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចយកគណនីហ្វេសប៊ុកអ្នកដទៃ ដើម្បី(ឆាតChat)ឲ្យគេផ្ញើប្រាក់មកឲ្យខ្លួនដោយចេតនានាពេលកន្លងទៅ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ២០ខែ ធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ធ្វើការឃាត់ខ្លួនជនស័ង្សយចំនួន២នាក់ ភេទប្រុស ក្នុងករណី (លួចបន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន ) កាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០១៩ ហើយក្នុងសកម្មភាពជាបន្តបន្ទាប់ មានការចូលរួមរបស់ឈ្មោះ រ៉ែន សារី នេះផងដែរ។
ជនសង្ស័័យត្រូបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕