ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍វង្សពិសេន ឲ្យពង្រឹងកសាងធនធានមនុស្សក្នុងវិស័យការពារជាតិ

87

កំពង់ស្ពឺនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថាដើម្បីពង្រឹងកសាងធនធានមនុស្សក្នុងវិស័យការពារជាតិកងយោធពលខេមរភូមិន្ទចាំបាច់ត្រូវធ្វើកំណែទម្រង់ឲ្យបានសមស្របបំផុតទៅនឹងស្ថានការណ៍ជាក់ស្ដែងជាពិសេសគឺការកសាងកម្មវិធីអប់រំហ្វឹកហ្វឺនដល់យោធិនដែលត្រូវតែមានការកែសម្រួលជាបន្តបន្ទាប់ដើម្បីឲ្យការបណ្តុះបណ្តាលដល់យោធិនអាជីពនិងហ្វឹកហ្វឺនជំនាញផ្សេងៗទៀតប្រកបដោយគុណភាព។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានសកម្មជំនាន់ទី២០នៅសាលានាយទាហានសកម្ម(ត្មាតពង) ក្នុងភូមិសាស្ត្រស្រុកឧដ្ដុង្គខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍បានថ្លែងថាក្នុងដំណាក់កាលបច្ចុប្បន្នការហ្វឹកហ្វឺនបណ្តុះបណ្ដាលនាយទាហានសកម្មគឺជាតម្រូវការចាំបាច់ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពឆ្លើយតបទៅនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខនិងយូរអង្វែង។នាយឧត្តមសេនីយ៍វង្សពិសេនបានបន្តថាវគ្គហ្វឹកហ្វឺនដែលកំពុងប្រារព្ធពិធីបិទនាឱកាសនេះគឺពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងពង្រីកគុណភាពនៃការដឹកនាំបញ្ជានិងការគ្រប់គ្រងកងឯកភាពដើម្បីត្រៀមខ្លួនបំពេញកិច្ចការងារប្រតិបត្តិការតាមបញ្ជា។

ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនាយឧត្តមសេនីយ៍វង្សពិសេនបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់បណ្ដាស្ថាប័នពាក់ព័ន្ធយោធាចារ្យដែលបានបំពេញតួនាទីជាសេនាធិការជូនថ្នាក់ដឹកនាំធ្វើឲ្យដំណើរការវគ្គបណ្តុះបណ្ដាលនិស្សិតនាយទាហានជំនាន់ទី២០នេះទទួលបានលទ្ធផលប្រកបដោយគុណភាព។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការបានរំលេចនូវតម្លៃសន្តិភាពដែលបានមកដោយការធ្វើពលិកម្មដ៍ធំធេងរបស់សម្តេចតេជោហ៊ុនសែនហើយដែលនាយទាហានទាំងអស់ត្រូវរួមគ្នាថែរក្សានិងត្រៀមលក្ខណៈជានិច្ចដើម្បីអនុវត្តបទបញ្ជាក្នុងនោះត្រូវបង្កើនសមត្ថភាពយល់ដឹងឲ្យបានស៊ីជម្រៅអំពីសភាពការណ៍សន្តិសុខដែលពាក់ព័ន្ធនឹងកងយោធពលខេមរភូមិន្ទដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរាល់ឧបាយកលការធ្វើបដិវត្តន៍ពណ៌ការធ្វើឲ្យបាត់បង់សន្តិភាពនិងកើតមានសង្រ្គាមសារជាថ្មី។

នាយឧត្ដមសេនីយ៍បានក្រើនរំលឹកដល់នាយទាហានដែលទើបបញ្ចប់វគ្គត្រូវបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀតទាំងចំណេះដឹងទូទៅជំនាញឯកទេសថ្មីៗក៏ដូចជាភាសាបរទេសជាដើម៕

អត្ថបទដែលជាប់ទាក់ទង