សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃ គឺជាសេនាធិការមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដោយមានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការងាររបស់ក្រសួងនារយៈពេលកន្លងមកនេះ គឺមានកិច្ចសហការចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងសង្គមកាន់តែមានប្រសិទ្ធភាពថែមទៀត។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៣:៣០នាទីរសៀល ពីក្រសួងមហាផ្ទៃ៕
