អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន០៣នាក់ បញ្ជូនទៅតុលាការ
ភ្នំពេញ៖
នៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនជាតិចិន០៣នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីហឹង្សាឈានដល់ការផ្ទុះអាវុធ។
១/ ឈ្មោះYE QI FENG ហៅIA FONG ភេទប្រុសអាយុ៣៦ឆ្នាំ,
២/ ឈ្មោះZHANG JI LIANG ភេទប្រុសអាយុ៤៧ឆ្នាំ,
៣/ ឈ្មោះចាងអ៊ីហ្វុង(CHANG YI FONG) ភេទប្រុសអាយុ៣១ឆ្នាំ
ជនជាតិចិនទាំង០៣នាក់ខាងលើត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនបង្ក្រាបបានបន្ទាប់ពីពួកគេបានបង្កហឹង្សាលើភាគីជនជាតិចិនដូចគ្នានិងខ្មែរម្នាក់រហូតឈានដល់មានការផ្ទុះអាវុធតែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតទេ។
ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវសុភមង្គល(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
ដើមហេតុដែលបណ្តាលឲ្យមានហឹង្សារហូតឈានដល់ការផ្ទុះអាវុធនេះគឺដោយសារតែជនរងគ្រោះបានវេប្រាក់ចូលក្រុមហ៊ុនប្តូរប្រាក់របស់ជនបង្កតែពេលជនរងគ្រោះទៅបើកប្រាក់ជនបង្កមិនព្រមបើកឲ្យគ្រប់ចំនួនដោយពន្យាពេលមួយថ្ងៃហើយមួយថ្ងៃទៀត។បន្ទាប់ពីបានផ្ទុះអាវុធរួចមកបក្ខពួកជនបង្កមួយចំនួនបានរត់គេចខ្លួនបច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕
