ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារអប់រំផ្សព្វផ្សាយ ពីការថែទាំសុខភាពនិងវិធីការពារជំងឺ វីសកូរូណាឬកូវីដ១៩និងជំងឺទឹកនោមផ្អែម

119

ភ្នំពេញ៖ ខណៈមានការភ្ញាក់ផ្អើលនិងបារម្ភខ្លាំងពីជំងឺតាមផ្លូវដង្ហើមដោយ វីសកូរូណាឬកូវីដ១៩ដែលបានផ្ទុះឡើងនឹងឆ្លងរាលដាលជុំវិញពិភពលោកនិងស្របពេលដែលជំងឺទឹកនោមផ្អែមបាននិងកំពុងកើតមានយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរនោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣បានរៀបចំសិក្ខាសាលាមួយ ដើម្បីអប់រំផ្សព្វផ្សាយថែទាំសុខភាពនិងវិធីការពារជំងឺទាំងពីរនេះដែលពិធីនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៥ កុម្ភៈឆ្នាំ ២០២០  នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកជួបខុនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោកស្រីឃួន គឹមនី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីបងប្អូនស្ត្រីប្រមាណជាង៥០០នាក់ មកពីខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ។

  លោកជួប ខុន បានមានប្រសាសន៍លើកឡើងថា អង្គសិក្ខាសាលាអប់រំផ្សព្វផ្សាយ ថែទាំស្តីពីវិធីការពារជំងឺទឹកនោមផ្អែម បង្ការជំងឺឆ្លងវីរុសកូរូណាថ្មីឬកូវីដ១៩របស់គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារនៃក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នេះធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិនារី៨មិនាឆ្នាំ ២០២០ ក្រោមប្រធានបទ មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រស្របពាក្យស្លោកអរគុណសន្តិភាព

  លោកជួប ខុន បានមានប្រសាសន៍បន្តថាការចូលរួមរបស់បងប្អូនស្ត្រី ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ គឺសុទ្ធសឹង ជាធនធានមនុស្សរបស់រាជធានីភ្នំពេញ ដែលសំខាន់នោះ គឺការយល់ដឹងអំពីវិធីបង្ការការពារនិងថែទាំសុខភាព ដើម្បីសុខភាពរឹងមាំចូលរួមអភិវឌ្ឍប្រទេសជាតិមាតុភូមិ ក៏ដូចជារាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនជាលំដាប់។ ក្រៅពីនេះលោកក៏បានសម្ដែងការកោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានតាំងចិត្តនិងការខិតខំប្រឹងប្រែងសហការជាមួយមន្ទីរសុខាភិបាលរាជធានី បង្កើតព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ៨មិនា រៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយការថែទាំសុខភាព មានន័យថា យើងមិនត្រឹមតែបានលើកអំពីសិទ្ធិរបស់ស្ត្រីទេ តែយើងបានយល់ដឹងបន្ថែមទៀតនៅការបង្ការ ការពារនិងការថែទាំសុខភាពផ្ទាល់ខ្លួនរបស់យើងគ្រប់គ្នាព្រមទាំងសម្រាប់ក្រុមគ្រួសារនិងញាតិមិត្តនិងបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋានថែមទៀត។

  លោកបន្តទៀតថា យើងទាំងអស់គ្នាមិនថាស្ត្រីឬបុរសទេ គឺមានមួយចំនួនបាននិងកំពុងកើតជំងឺនិងមានមួយចំនួនទៀត នឹងមានរោគសញ្ញនៃជំងឺទឹកនោមផ្អែមដែរ ដែលយើងចាំបាច់ត្រូវដឹងពីវិធីការពារនិងថែទាំសុខភាពឲ្យបានប្រសើរ ម្យ៉ាងទៀតនៅពេលថ្មីៗនេះមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភខ្លាំងពីការចម្លងជំងឺផ្លូវដង្ហើមដោយវីរុសកូរូណាថ្មី ដែលទើបតែផ្ទុះនឹងឆ្លងរាលដាលជុំវិញពិភពលោកមាន ប្រភពដើមពីទីក្រុងWUHANប្រទេសចិន ដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងទប់ស្កាត់ការឆ្លងនេះ បើទោះបីប្រជាពលរដ្ឋនៃប្រទេសកម្ពុជាយើងពុំទាន់រកឃើញថា មាននរណាម្នាក់ផ្ទុកវីរុសនេះក៏ដោយ។

  លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញក្នុងឱកាសនៃការ ធ្វើបទបង្ហាញនៃជំងឺទាំងពីរនេះបានលើកឡើងថា កង្វះការធ្វើពលកម្ម ដូចជាមិនមានការហាត់ប្រាណ មិនដើរច្រើន វាជាដើមចម បង្កើតឲ្យមានជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងជំងឺមហារីក ដូច្នេះទេ លោកស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្ការ ជំងឺទឹកនោមផ្អែមអោយបានល្អ ដោយត្រូវហាត់ប្រាណឲ្យបានច្រើន មានរបបអាហារត្រឹមត្រូវ ជាមួយនឹងការរក្សាទម្ងន់កុំលើសច្រើន។មានន័យថា បើយើងមានកម្ពស់ ១ម៉ែត្រ៥០ ត្រូវមានទម្ងន់ ៥០ គីឡូក្រាម ១ម៉ែត្រ ៦០ មានទម្ងន់ ៦០គីឡូក្រាមឬ១ម៉ែត្រ៧០ មានទម្ងន់ស្មើនឹង៧០គីឡូក្រាមជាដើម។

  លោកងី មានហេងក៏បានបញ្ជាក់ផងដែរថា មានប្រជាពលរដ្ឋខ្លះ មានការយល់ច្រឡំខ្លាំងដោយពួកគាត់ យកកន្លែងលក់ថ្នាំពេទ្យឬ គ្លីនិចជាគ្រូពេទ្យព្យាបាលជំងឺរបស់គាត់ នេះជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ដែលបងប្អូនត្រូវចៀសវាង។

  ចំពោះវិធីការពារខ្លួនពីការឆ្លងវីរុសកូរូណាថ្មីលោក ងី មានហេង បានបញ្ជាក់ផងដែរថា ដើម្បីបង្ការនូវជំងឺនេះ យើងត្រូវលាងដៃជាមួយនឹងសាប៊ូ ជាមួយទឹកស្អាតឬអាល់កុលហ្សែលអោយបានញឹកញាប់ខ្ទប់មាត់និងច្រមុះ ដោយក្រដាស កន្សែង ក្រម៉ានៅពេលក្អកនិងកណ្ដាស់ ត្រូវចម្អិនសាច់ឬស៊ុតឲ្យបានឆ្អិនល្អ ជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺគ្រុនក្តៅនិងក្អក ឬផ្តាសាយ ជៀសវាងការប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សំភារៈការពារខ្លួន៕

 

អត្ថបទដែលជាប់ទាក់ទង