ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីបើកកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ចពិនិត្យផ្សារអូឬស្សី និងចុះពិនិត្យមើលទីតាំងផ្សារជាក់ស្តែងដើម្បីជម្រុញការជួសជុលតូបអោយបានលឿន

108

ភ្នំពេញ៖ ដោយការយកចិត្តទុកដាក់ចំពោះបងប្អូនអាជីវករដែលបាននិងកំពុងប្រកបរបររកស៊ីលក់ដូរនៅក្នុងផ្សារអូឬស្សីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានជំរុញឲ្យឲ្យការដ្ឋានជូសជុលសំណង់ ឡៅតឿផ្សារអូឫស្សីដែលមានសភាពប្រេះស្រាំ បើកដំណើរការ ឲ្យបានលឿន ដោយហេតុថា បើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករដែលលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

  ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២៥ កូម្ភះនេះអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបើកកិច្ចប្រជុំ គណៈកម្មការចំពោះកិច្វពិនិត្យផ្សារអូឬស្សី ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ លោកអភិបាលរាជធានី ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងផ្សារអូរឬស្សីផងដែរ។

   ក្នុងកិច្ចប្រជុំនោះ បានប្រកាសពីសមាសភាពគណៈកម្មការចំពោះកិច្ចពិនិត្យផ្សារអូឬស្សី ដែលគណៈកម្មការនេះមានលោកឃួង ស្រេងជាប្រធាននិងមានអភិបាលរងរាជធានី៤រូបជាអនុប្រធាន ដើម្បីជម្រុញការងារមួយចំនួននៅក្នុងផ្សារនេះ រលូននិងល្អប្រសើរទាំងការជួសជុលផ្សារ ការរៀបចំតូបលក់ដូរបណ្តោះអាសន្ន ខណៈតូបលក់ដូរមួយចំនួនធ្វើការជួសជុលកែលម្អរឡើងវិញ ជាមួយនិងការវិនិយោគផ្សេងៗទៀត។

   តូបលក់ដូរបណ្តោះអាសន្នសម្រាប់បងប្អូនអាជីវករផ្សារអូរឬស្សីដែលត្រូវជួលជុលតូបក្នុងផ្សារនេះ មានទីតាំងនៅលើបណ្តោយផ្លូវ១១១ ជាប់ខាងកើតផ្សារអូរឬស្សីនេះតែម្តង ដោយមកដល់ពេលនេះ ការសាងសង់តូបលក់ដូរបណ្តោះអាសន្ននេះស្ទើររួចរាល់១០០ភាគរយហើយ ហើយអ្វីដែលជាគម្រោងនៅថ្ងៃទី០៥មិនា ២០២០ខាងមុខនេះអាជីវករអាច មកលក់ដូរបានហើយ ដែលមានតូបចំនួន១៧០តូប។

   បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែធ្នូ ២០១៩នេះ បានបញ្ជាក់ថារបច្ចុប្បន្នសំណង់អាគារផ្សារអូរប្ញស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកតែសំណង់ឡៅតឿប៉ុណ្ណោះដែលមានសភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

ដូចនេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោងទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារបច្ចេកទេសសំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព៕

 

អត្ថបទដែលជាប់ទាក់ទង