អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោ ចេញសេចក្តីថ្លែងការណ៍រួម ពីទេសចរណ៍ និងវីរ៉ុសខូវីឌ-១៩
ម៉ាឌ្រីដ, អេស្ប៉ាញ និងហ្សឺណែវ, ស្វីស ៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) និងអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញផ្សាយព័ត៌មានសេចក្តីថ្លែងការណ៍រួម ស្តីពីទេសចរណ៍ និងខូវីឌ-១៩ (Covid-19) ៖ បានអំពាវនាវឲ្យមានការទទួលខុសត្រូវ និងកិច្ចសម្របសម្រួល។
សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារដូចខាងក្រោម៖ ក្នុងខណៈដែលការរីករាយដាលនៃជំងឺវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមាន អង្គការសុខភាពពិភពលោក និងអង្គការទេសចរណ៍ពិភពលោក ប្តេជ្ញាធ្វើការរួមគ្នា ក្នុងការណែនាំតម្រង់ទិសទៅលើការឆ្លើយតប របស់វិស័យទេសចរណ៍ និងការធ្វើដំណើរ ទៅនឹងវិបត្តិ ខូវីឌ-១៩ Covid-19 នេះ។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រកាសអំពីការរាតត្បាតនៃ ខូវីឌ-១៩ ជាភាពអាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិ ហើយបានដាក់ចេញនូវអនុសាសន៍ បណ្តោះអាសន្នមួយចំនួន។ អង្គការសុខភាពពិភពលោក មិនបានផ្តល់អនុសាសន៍ ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើរណាមួយឡើយ ផ្អែកតាមព័ត៌មានទទួលបាននាពេលបច្ចុប្បន្ន។ អង្គការសុខភាពពិភពលោក កំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូរនានាយ៉ាងជិតស្និទ្ធ សំដៅពង្រីកឲ្យបានឆាប់រហ័ស នូវការយល់ដឹងបែបវិទ្យាសាស្រ្តស្តីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លងនិងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្តល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សកលលោក ស្តីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។
កិច្ចសហប្រតិបត្តិការជាគន្លឹះ៖ វិស័យទេសចរណ៍មានការប្តេជ្ញាមុតមាំ តម្កល់ប្រជាពលរដ្ឋ និងសុខុមាលភាពរបស់ពលរដ្ឋជាអាទិភាព ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិ មានតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការធានាឲ្យវិស័យនេះ អាចចូលរួមទប់ស្កាត់ជងឺ ខូវីឌ-១៩ ប្រកបដោយប្រសិទ្ធភាព។ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក កំពុងសហការប្រឹក្សាយោបល់គ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងដៃគូផ្សេងៗទៀត សំដៅជួយដល់បណ្តារដ្ឋទាំងឡាយ ឲ្យធានាបានការអនុវត្តវិធានការសុខភាព ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឲ្យនៅតិចបំផុត នូវការរារាំងមិនចាំបាច់ដល់ចរាចរណ៍ និង ពាណិជ្ជកម្មអន្តរជាតិ។ ការឆ្លើយតបពីវិស័យទេសចរណ៍ ទាមទារឲ្យមានការថ្លឹងថ្លែង សមស្របទៅតាមភាពគំរាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុក តាមរយៈការជំរុញឲ្យមានការចូលរួម ពីគ្រប់ផ្នែកទាំងអស់ នៃសង្វាក់តម្លៃទេសចរណ៍ មានដូចជា ស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរ ស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំជាទូទៅរបស់អង្គការសុខភាពពិភពលោក។
អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយគ្រប់សហគមន៍ទាំងអស់ និងប្រទេសទាំងឡាយដែលរងការប៉ះពាល់ ដោយភាពអាសន្ននៃសុខភាពបច្ចុប្បន្ន សំដៅចូលរួមកសាងអនាគតមួយ កាន់តែប្រសើរ និងកាន់តែរឹងមាំ។ ការរឹតបន្តឹងលើការធ្វើដំណើរទាំងឡាយណា ដែលឃ្លាតឆ្ងាយពីស្មារតីខាងលើ អាចបណ្តាលឲ្យមានការរំខាន មិនចាំបាច់ដល់ចរាចរណ៍អន្តរជាតិ រួមទាំងផលប៉ះពាល់អវិជ្ជមាន លើវិស័យទេសចរណ៍ផងដែរ។
ស្ថិតក្នុងដំណាក់កាលប្រឈមនេះ អង្គការសុខភាពពិភពលោក សូមចូលរួមជាមួយសហគមន៍អន្តរជាតិទាំងអស់ ដើម្បីរក្សាសាមគ្គីភាព ជាមួយប្រទេសរងផលប៉ះពាល់នានា៕