រដ្ឋបាលខេត្តព្រះសីហនុ ដាក់ឱសានវាទ ឱ្យអ្នកកាន់កាប់ក្បាលដីនៅសេសសល់ជាង 1000ក្បាលដី ចូលខ្លួនដោះស្រាយជាកំហិត
ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ បានដាក់ឱសានវាទ ត្រឹម ថ្ងៃទី 13 ខែមីនា ឆ្នាំ 2020 ជាកំហិត ដល់ប្រជាពលរដ្ឋមួយចំនួន ដែលនៅសេសសល់ចុងក្រោយ ដែលបានកាន់កាប់ក្បាលដីប្រមាណជាង ១០០០ក្បាលដីទៀត ចូលរួមផ្ដល់ព័ត៌មាន និងឯកសារ បញ្ជាក់ពីការកាន់កាប់ដីជូនក្រុមការងារ ហើយបើផុតថ្ងៃកំណត់នេះ រដ្ឋបាលខេត្តព្រះសីហនុមិនទទួលការដោះស្រាយឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តី ជូនដំណឹងជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋ ដែលកាន់កាប់ដីធ្លីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែលបានកាត់ចេញពីអនុក្រឹត្យលេខ 78 អនក្របក ចុះថ្ងៃ 19 ខែឧសភា ឆ្នាំ 2016 តាមអនុក្រឹត្យ១១៦ អនក្រ បក ចុះថ្ងៃទី 5 ខែមិថុនាឆ្នាំ 2016 ស្ថិតនៅសង្កាត់លេខ 1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថា កន្លងមកក្រុមការងារបច្ចេកទេស នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សហការជាមួយអាជ្ញាធរឃុំសង្កាត់លេខ 1 ក្រុងព្រះសីហនុបានចុះវាស់វែងកំណត់និយាមការតាមក្បាលដីនីមួយៗ ក្នុងតំបន់ខាងលើចប់ជាស្ថាពរ ហើយអ្នកកាន់កាប់ដីមួយចំនួនធំ បានចូលរួមផ្ដល់ព័ត៌មាន និងឯកសារបញ្ជាក់ពីការកាន់កាប់ដី ជួនក្រុមការងាររួចរាល់ហើយ។
ដោយឡែកនៅសល់ក្បាលដីប្រមាណជាង ១០០០ក្បាលដីទៀត អ្នកកាន់កាប់ដីមិនទាន់បានចូលរួមផ្ដល់ព័ត៌មាន និងឯកសារបញ្ជាក់ពីការកាន់កាប់ដី ជូនក្រុមការងារនៅឡើយទេ។ ដូចនេះរដ្ឋបាលខេត្តព្រះសីហនុ ស្នើសុំសាធារណជននិងប្រជាពលរដ្ឋ ដែលពុំទាន់ចូលរួមផ្ដល់ព័ត៌មាន និងឯកសារបញ្ជាក់ពីការកាន់កាប់ដី ជូនក្រុមការងារសូមអញ្ជើញចូលរួមសហការ ផ្ដល់ព័ត៌មានជូនក្រុមការងារ គិតចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 13 ខែមីនា ឆ្នាំ 2020 ជាកាំបិតនៅសាលាសង្កាត់លេខ 1 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ នៅសេសសល់ សូមអញ្ជើញរួសរាន់រួមសហការ ឱ្យបានទាន់ពេលវេលា ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណខ្មែរ សៀវភៅគ្រួសារ និងឯកសារបញ្ជាក់ពីការកាន់កាប់ដី ក្នុងតំបន់ខាងលើ ដើម្បីក្រុមការងារទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូនប្រជាពលរដ្ឋ។ ផុតថ្ងៃឱសានវាទខាងលើ រដ្ឋបាលខេត្តព្រះសីហនុ និងបន្ដទទួលពិនិត្យ ឬដោះស្រាយសំណូមពរណាមួយឡើយ៕