កូនតិរច្ឆាន ស្រវឹងស្រា ទាញឈើ វាយឪពុកបង្កើតសន្លប់ និងប្រជាការពារភូមិម្នាក់ត្រូវ១ឈើជ្រុង
កំពង់ឆ្នាំង ៖ លោកកូនជាទីស្រឡាញ់របស់ឪពុកម្តាយ ក្លាយជាកូនតិរច្ឆានផឹកស្រាស្រវឹងជោកជាំ បង្កជម្លោះជាមួយអ្នកមានគុណដល់ថ្នាក់វាយដំឪពុកបង្កើតសន្លប់នៅនឹងកន្លែង ។ បន្ទាប់មក បានទៅបង្កជម្លោះជាមួយប្រជាការពារភូមិ ដោយយកឈើជ្រុងវាយ បណ្តាលឲ្យរងរបួសម្នាក់ទៀត ។ ក្រោយពីបង្កអំពើហិង្សារួច ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ឃាត់ខ្លួនបាន ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អំពើហិង្សាដោយចេតនាខាងលើនេះ កើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨ និង០០ នាទី នៅភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ។
ជនដៃដល់ឈ្មោះ វិន យ៉ាំងហាំង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត អនុវត្តបន្តតាមនីតិវិធី ៕