អ្នកនាំពាក្យក្រសួងការងារថា ក្នុងខែមីនាខាងមុខនេះ អាចមានរោងចក្រប្រមាណ២០០ ប៉ះពាល់ដោយសារខ្វះវត្ថុធាតុដើម
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅក្នុងខែមីនា ឆ្នាំ២០២០ខាងមុខនេះ មានរោងចក្រ សហគ្រាសនៅកម្ពុជាប្រមាណ២០០ អាច ប្រឈមនឹងការប៉ះពាល់ដោយសារខ្វះវត្ថុធាតុដើមពីប្រទេសចិន មកបំពេញសង្វាក់ផលិតកម្មរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងការងារថា ប្រឈមនឹងបញ្ហានេះវាក៏នឹងប៉ះពាល់ដល់កម្មករនិយោ ជិកកម្ពុជាប្រមាណ១៦ម៉ឺននាក់ផងដែរ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ប្រឈមមុខនឹងបញ្ហានេះរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការទំនាក់ទំនងយ៉ាងជិតសិទ្ឋិជាមួយរដ្ឋាភិបាលចិន ដើម្បីផ្តល់អាទិភាពផ្តត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិនមកកម្ពុជា ដោយធ្វើយ៉ាងណាឲ្យការខ្វះខាតវត្ថុធាតុដើមនេះមកនៅរយៈពេលខ្លី។
សម្រាប់អ្នកនាំពាក្យក្រសួងការងារ ការផ្អាកសង្វាក់ផលិតកម្មនៅប្រទេសចិនដោយ សារតែវីរុស COVID 19 នេះពិតជាបានធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅក្នុងពិភពលោកទាំងមូលតែម្តង។
លោកថា សូម្បីតែប្រទេសជប៉ុន កូរ៉េ ក៏បានផ្អាកនូវសង្វាក់ផលិតរបស់ខ្លួនមួយចំនួនផងដែរ ដោយសារតែបញ្ហាខ្វះវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចដែលតែងតែទទួលយកពីប្រទេសចិន។ ដោយឡែកចំពោះកម្ពុជា និងបណ្តាប្រទេសមួយចំនួនផ្សេងទៀតដែលផលិតនូវផលិតផលសំលៀកបំពាក់នេះ ក៏ប្រឈមនឹងបញ្ហាកង្វះវត្ថុធាតុដើមដូចគ្នា ។ ប៉ុន្តែតាមរយៈការខិតខំរបស់ប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលចិននេះ ។ លោកសង្ឃឹមថា កម្ពុជានឹងមានអាទិភាពក្នុងការទទួលបាននូវវត្ថុធាតុដើមនេះមុនគេ ។
លោកបន្តថា ក្នុងរយៈពេលដែលការព្យូរការងារដោយចៃដន ក៏បានចាប់ផ្តើមកើតមានខ្លះហើយនៅកម្ពុជា ហើយដែលមកដល់ពេលនេះ គឺក្រសួងបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ចំពោះមន្ទីរការងារនៅទូទាំងប្រទេស រួមជាមួយនាយកដ្ឋានអធិការកិច្ចក្រសួងការងារធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហគមន៍ រោងចក្រកាត់ដេរនៅកម្ពុជា និងរោងចក្រកាត់ដេរស្បែកជើងទាំងអស់អំពីស្ថានភាពស្តុករបស់រោងចក្រនីមួយៗ ។
ក្នុងស្ថានភាពជាក់ស្តែងទាក់ទងនិងបញ្ហាវត្ថុធាតុដើមនេះ គិតត្រឹមថ្ងៃទី២៧ កុម្ភៈនេះ រោងចក្រចំនួន១០បានចាប់ផ្តើមស្នើសុំព្យូរការងារចំពោះកម្មករនិយោជិក។ ប៉ុន្តែការព្យូរនេះមិនមែនជាការព្យូរ១០០ភាគរយនោះទេ គឺព្យូរដោយផ្នែកនៃសង្វាក់ផលិតកម្មតែប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចកាលពីពេលថ្មីៗនេះ បានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ចំពោះបញ្ហានេះ ក្នុងនោះសម្រាប់វិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប ។រដ្ឋាភិបាលនឹងពិនិត្យផ្តល់ជូនការលើកលែងពន្ធ អាចពី៦ខែ ទៅ ១ឆ្នាំ សម្រាប់រោងចក្រសហគ្រាសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតធ្ងន់ធ្ងរនៃការប៉ះពាល់ជាក់ស្តែងលើរោងចក្រនីមួយៗដែលបណ្តាលមកពីកង្វះវត្ថុធាតុដើមផលិត ។ ត្រង់ចំណុចនេះ ក្រសួងសេដ្ឋកិច្ច បានសង្កត់ធ្ងន់ថា ក្រសួងនឹងដឹកនាំសម្រប សម្រួលរៀបចំនូវរូបមន្ត និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្តល់ការ លើកលែងពន្ធនេះ ៕. ដោយ៖ សំរិត
