ថ្ងៃចុងសប្តាហ៍អភិបាលរាជធានីពេញ ដឹកនាំមន្ត្រីចុះសួរ សុខទុក្ខប្រជាពលរដ្ឋ ជាមួយនិងការសាងសង់ផ្លូវ១ខ្សែជូនប្រជាពលរដ្ឋនៅសង្កាត់ពន្សាំង

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្រោយបញ្ចប់ពិធីអប់រំសុខភាពមាត់ធ្មេញនិងការពិនិត្យមាត់ធ្មេញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនៅក្នុសាលាបឋមសិក្សាភូមិធំ នាព្រឹកថ្ងៃទី២៩ កុម្ភះ រួចមក លោកឃួង ស្រេងនិងលោកស្រីជា ស៊ីណា ឃួង ស្រេងបានបន្តធ្វើដំណើរ
ចុះមកសំណេះសំណាលជាមន្ត្រីសង្កាត់ មេភូមិ
នៅក្នុងសាលាសង្កាត់ពន្សាំង បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចុះពិនិត្យមើលផ្លូវមួយខ្សែ ជាមួយនឹងការផ្ដល់អំណោយជូនប្រជាពលរដ្ឋនៅក្នុងភូមិស្នួលសង្កាត់ពន្សាំងនេះផងដែរ។
ក្នុងឱកាសនោះ លោកឃួង ស្រេងបានធ្វើការណែនាំអោយអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌ សង្កាត់
ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពនិងតម្រូវការរបស់
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោកអភិបាលក្នុងឱកាសនោះបានបញ្ជាក់ថា មកដល់ខែនេះ គឺជារដូវក្រៅហើយ ប្រជាពលរដ្ឋអាចប្រឈមមុខនឹងជំងឺផ្សេងៗពិសេស ជំងឺអាសន្តរោគ ។ដូច្នេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវតែពិនិត្យមើលរឿងនេះឲ្យបានល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋអាចទប់ស្កាត់នូវជំងឺអាសន្តរោគនេះ ។
ក្នុងដំណើរនៃការចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋនិងពិនិត្យទៅលើការស្ថាបនាផ្លូវក្នុងភូមិ លោក ឃួង ស្រេងក៏បានជំរុញឲ្យក្រុមការងារធ្វើការស្ថាបនាផ្លូវក្នុងភូមិស្នួលនេះឱ្យបានលឿន ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ហើយជាគម្រោង លោកអភិបាលរាជធានីគ្រោងនឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកចូលទៅក្នុងវត្តអង្គមុនីក្នុងភូមិស្នួលសង្កាត់ពន្សាំងនេះ ប្រវែង១៣០០ម៉ែត្រ ដែលមានទទឹង ៨ម៉ែត្រ៕