ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ មានជំនឿថា វិស័យទេសចរណ៍កម្ពុជានឹងអាចឆ្លងផុតពីវិបត្តិដោយសារបញ្ហាជំងឺផ្លូវដង្ហើមកូវីដ១៩

112

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិស័យទេសចរណ៍របស់កម្ពុជាដែលកំពុងតែមានការធ្លាក់ចុះក្នុងពេលបច្ចុប្បន្ននេះដោយសារតែវិបត្តិជំងឺផ្លូវដង្ហើមកូវីដ១៩ អាចនឹងឆ្លងផុត ខណៈដែលរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការដោះ ស្រាយពីផលប៉ះពាល់លើវិស័យមួយនេះ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២ កុម្ភៈនេះ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានអះអាងថា យើងទទួលស្គាល់ថា បច្ចុប្បន្នវិស័យទេសចរណ៍មានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងក្នុងរយៈពេលដើមខែឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជាបានធ្លាក់ចុះរហូតដល់ ១៥ភាគរយ ដោយសារបញ្ហាវិបត្តិជាសកលនៃជំងឺផ្លូវដង្ហើមកូវីដ១៩ ។
លោក បន្តថា បច្ចុប្បន្នចំនួនភ្ញៀវទេសចរគឺមានការធ្លាក់ចុះខ្លាំងនៅខេត្តសៀមរាប និងខេត្តជាប់សមុទ្រដូចជាខេត្តសៀមរាបជាដើម ។ ដោយឡែកនៅរាជធានីភ្នំពេញឯណោះវិញចំនួនភ្ញៀវទេសចរបរទេសគឺមានការធ្លាក់ចុះតិចតូចនោះទេ ។
តែយ៉ាងណាក៏ដោយចុះ លោក ទិត ចន្ថា បានបញ្ជាក់ថា យើងអាចដោះស្រាយ និងឆ្លងកាត់នូវវិបត្តិខាងលើនេះ តាមរយៈនូវការដាក់ចេញនូវយន្តការជាក់លាក់ និងមានសារៈសំខាន់របស់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យវិស័យទេសចរណ៍របស់កម្ពុជាឲ្យកាន់តែមានភាពរស់រវើកដោយសារតែកម្ពុជាមិនបានបិទជើងហោះហើរដូចបណ្តាប្រទេសមួយចំនួនដែលគេកំពុងតែអនុវត្តន៍។
លោក បានបន្តថា កម្ពុជានៅតែបន្តស្វាគមន៍លំហូរភ្ញៀវទេសចរណ៍អន្តរជាតិទាំងអស់ដែលចង់មកទស្សនាកម្ពុជា ដោយក្នុងនោះកម្ពុជានឹងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរឲ្យកាន់តែមានភាពងាយស្រួលដោយដាក់ចេញនូវវិធានការបង្កា ទប់ស្កាត់ និងដោះស្រាយចំពោះបញ្ហាជំងឺផ្លូវដង្ហើមកូវីដ១៩នេះ ដូចដែលអ្វីដែលក្រសួងសុខាភិបាលកម្ពុជាបាននឹងកំពុងប្រឹងប្រែងធ្វើក្នុងពេលបច្ចុប្បន្ននេះ ។

ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលដែលចំនួនភ្ញៀវទេសចរណ៍មានការធ្លាក់ចុះនេះ ។ ក្រសួងរួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់នឹងរួមគ្នាធ្វើយ៉ាងណាឲ្យគោលដៅទេសចរណ៍ទាំងអស់នៅកម្ពុជាមានការទាក់ទាញ និងរស់រវើក។ ក្នុងនោះការកសាងនូវហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែមានភាពល្អប្រសើរ ដូចការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង និងផ្លូវជាដើម។ លោក ថា ក្រសួងនឹងធ្វើយ៉ាងណាជំរុញការវិនិយោគនៅក្នុងតំបន់គោលដៅទេសចរណ៍ដែលមានសក្តានុពលបន្ថែមទៀត ។
លោក បានបន្ថែមថា រដ្ឋាភិបាលកម្ពុជានឹងមិនបណ្តែតបណ្តាយឲ្យវិស័យទេសចរណ៍ ឬអ្នកវិនិយោគលើវិស័យមួយនេះជួបបញ្ហាធ្ងន់ធ្ងរដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិធ្លាក់ដោយសារវិបត្តិជំងឺផ្លូវដង្ហើមកូវីដ១៩នេះទេ។ ជាក់ស្តែងរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជួយសម្រួលការលំបាកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាបដែលកំពុងប្រឈមនឹងបញ្ហានេះ ដោយរដ្ឋនឹងមិនយកពន្ធចំពោះអាជីវកម្មរបស់ពួកគេក្នុងរយៈពេលមួយកំណត់ ៕. ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង