រដ្ឋសភា សម្រេចទទួលយកសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងច្បាប់៥ផ្សេងទៀត មកពិនិត្យសិក្សា
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០។ កិច្ចប្រជុំបានសម្រេច ទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ តាមសំណើររបស់រាជរដ្ឋាភិបាល ពិនិត្យសិក្សា ក្នុងនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មួយផងដែរ។
សេចក្តីព្រាងច្បាប់ទំាង៦ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចគ្រល់ឲ្យគណៈកម្មការជំនាញរដ្ឋសភានានា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ មាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន។
៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
៦-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងទូលំទូលាយអាស៊ាន៕