អភិបាលរាជធានី ជម្រុញអោយអាជ្ញាធរខណ្ឌនិងមន្ទីរ ផ្សព្វផ្សាយព័ត៌មានពិត ជុំវិញជំងឺកូរ៉ូណាថ្មី ខណៈមាន ជនអគតិមួយចំនួនមានចេតនាអាក្រក់ ចង់បង្កឱ្យអស្ថេរភាពក្នុងសង្គម








ភ្នំពេញ៖ មានក្រុមមនុស្សមួយក្តាប់តូចបាននិងកំពុងយកប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅបំភ្លៃការពិតទៅលើករណី វីរ៉ុស កូវីដ១៩ ក្នុងចេតនាបង្ករវិច្ឆេតកម្មបំផ្លាញសេចក្តីសុខក្នុងការរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែលនៅទូទាំងប្រទេសកម្ពុជាមកដល់ពេលនេះ ពុំទាន់មានប្រជាជនណាម្នាក់បានកើត ឬ ឆ្លងវីរ៉ុសនេះនៅឡើយ។
ការធ្វើវិច្ឆេតកម្ម ដោយចេតនា ក្នុងផលប្រយោជន៍នយោបាយឬបំផ្លាញសេចក្តីសុខប្រជាជនទូទាំងប្រទេសនេះ ត្រូវបាន លោកឃួង ស្រេង បញ្ចេញនូវប្រតិកម្មតបវិញ ដោយស្នើឱ្យមន្រ្តីមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំតាមសាលារៀន គ្រឹះស្ថានអប់រំ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិត ឆ្លើយតបឱ្យទាន់សភាពការណ៍ថា នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង មិនមានអ្នកណា ម្នាក់កើតឬឆ្លងវីរ៉ុសប្រភេទនេះនៅឡើយទេ សូមកុំឱ្យមានការភ័យខ្លាច ដោយគ្មានការពិចារណា។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនគ្មានហេតុផលអ្វី ដែលត្រូវលាក់បាំងការពិត នៃវីរ៉ុសកូវីដ១៩នេះទេ ខណៈដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងនោះ។
លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខភិបាល ក៏បានដាក់ចេញ នូវ វិធានការការពារ និងទប់ស្កាត់នានា ដូចជាត្រូវលាងដៃនិងសាប៊ូ ឬ អាល់កុល ឱ្យបានញឹកញាប់ មុនពិសារចំណីអាហារ ឬ ប៉ះពាល់មាត់ច្រមុះ។ ម៉្យាងបើមានជំងឺគ្រុនផ្តាសាយត្រូវពាក់ម៉ាសការពារកុំឱ្យឆ្លងទៅអ្នកដទៃដែលនៅជិតខ្លួន។ លោកអភិបាលក៏បាន
ជម្រុញឱ្យតាមសាលារៀននានានៅក្នុងរាជធានីបន្តយកចិត្តទុកដាក់លើការលើកកកម្ពស់បរិស្ថានក្នុងសាលា សុវត្ថិភាពចំណីអាហារ និងបង្កើតទីតាំងលាងដៃឱ្យបានគ្រប់គ្រាន់ មានសាប៊ូ ឬអាល់កុលលាងដៃ បំផុសឱ្យក្មួយៗសិស្សានុសិស្សមានការប្រុងប្រយ័ត្ន កុំបរិភោគចំណីអាហារណាមិនមានអនាម័យ កុំផឹកភេសជ្ជៈណាដែលមានជាតិផ្អែមខ្លាំងពេកជាពិសេស ត្រូវផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ឱ្យសិស្សានុសិស្ស និងអាណាព្យាបាលបានជ្រាប
ដើម្បីចូលរួមការពារទាំងអស់គ្នា។
ពាក់ព័ន្ធនឹងជំងឺកូរ៉ូណាថ្មី ឬ Covid-19នេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានជម្រុញអោយគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បង្កេីនការយកចិត្តទុកដាក់លេីការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសលេីករណីមានមនុស្សដួល រឺសន្លប់ ដោយប្រការណាមួយ ត្រូវរាយការណ៍មក រដ្ឋបាល
រាជធានីភ្នំពេញជាបន្ទាន់ ដោយមានភ្ជាប់មកជាមួយនូវរូបភាព និងមូលហេតុឱ្យបានច្បាស់លាស់ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅសាធាណៈជន ឱ្យបានមុនជនអគតិមួយចំនួនដែលមានចេតនាអាក្រក់ កេងចំណេញដោយទាញយកហេតុការណ៍នេះទៅបង្ហោះបំភ្លៃការពិត បង្កឱ្យមានអស្ថេរភាពក្នុងសង្គម។
ការជម្រុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០២ មិនា ២០២០ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០នៅវិទ្យាល័យជាស៊ីម បឹងកេងកង ។
ពាក់ព័ន្ធនឹងពិធីនេះលោក អភិបាលរាជធានីភ្នំពេញ លើកឡើងថា ចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់ សង្គមមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសមធម៌ ទាមទារអោយបរជាពលរដ្ឋ មានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីរភាពសមរម្យ និង មានការរស់នៅសុខដុមរមនាទាំងក្នុងសង្គមជាតិ និងសង្គមគ្រួសារប្រកបដោយនិរន្តរភាព។
លោកអភិបាលបានបន្តទៀតថា ឆ្លើយតបនិងចក្ខុវិស័យខាងលើក្រសួងអប់រំយុវជននិងកីឡាបាននិងកំពុងអនុវត្តកំណែរទម្រង់អប់រំលើគ្រប់វិស័យឱ្យមានលក្ខណ:កាន់តែស៊ីជម្រៅ ឆ្ពោះទៅសង្គមពុទ្ធិនិងវិបុលភាព ស្របតាមដំណើរការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។ ជោគជ័យនៃការប្រកួតកីឡា នាពេលនេះជាការរួមចំណែកជាវិជ្ជមានក្នុងការធ្វើឱ្យមានការរីកចំរើននូវសកម្មភាពអប់រំកាយនិងកីឡាទូទាំងប្រទេស ដែលជាសមាសភាពមួយ នៅក្នុងសមាសភាពអប់រំទាំង៥របស់ក្រសួងអប់រំយុវជននិងកីឡា។
លោកឃួង ស្រេងក៏បានអំពាវនាវឱ្យក្មួយៗសិស្សានុសិស្ស ជាកីឡាករ កីឡាការិនី បន្តយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានកាន់តែល្អថែមទៀត ទាំងចំណេះដឹង ប្រាជ្ញាស្មារតី កិច្ចសហការ និងសុខភាពជាចម្បង ដើម្បីបន្តយកជ័យជំនះជូនសាលានិងប្រទេសជាតិទាំងមូលនាពេលអនាគត៕