អភិបាលរាជធានី ដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរ ចុះពិនិត្យមើលស្ថានភាពផ្ទាល់ផ្សារស្ទឹងមានជ័យចាស់ ដែលមានលក្ខណៈចាស់ទ្រុឌទ្រោមខ្លាំង ដើម្បីជួសជុល ឡើងវិញ












ភ្នំពេញ៖ ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលគេដឹងថា បានសង់ឡើងតាំងពីទសវត្សរ៍ទី ៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះមានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នាព្រឹកថ្ងៃទី ០៣ ខែវីណាឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌមានជ័យ ចុះពិនិត្យមើលស្ថានភាពផ្ទាល់ក្នុងទីតាំងស្ទឹងមានជ័យចាស់នេះ ដើម្បីធ្វើការជួសជុលផ្សារនេះឡើងវិញ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋតែងបានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ ។ ជាក់ស្ដែងនៅពេលនេះ ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនោះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ហើយវានឹងអាច បង្កគ្រោះថ្នាក់ដល់បងប្អូនអាជីវករនិងប្រជាពលរដ្ឋ ខណៈដែលមានភ្លៀងឬ
ខ្យល់កន្ត្រាក់ម្តងៗ ។ ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេងបានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង។
គួរបញ្ជាក់ផងដែរថា ផ្សារស្ទឹងមានជ័យចាស់តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះ
បានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿងដែលមានទំហំ១៣ ម៉ែត្រគុណនិង១៨ ម៉ែត្រ។ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះបានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុដោយបងប្អូនប្រជាពលរដ្ឋនិងអាជីវករ៕