អង្គការ WWF អំពាអំពាវនាវឱ្យបញ្ឈប់ ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ខណៈមានការផ្ទុះឡើង និងការឆ្លងរាលដាលនៃវីរុស កូវីដ-១៩
ភ្នំពេញ ៖ អង្គការ WWF មានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជា បានអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីបូព៌ា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ដើម្បីគាំពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ខណៈមានការផ្ទុះឡើង និងការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ដែលបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WWF នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
ការផ្ទុះឡើងនិងការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ និងការផ្ទុះឡើងនៃវីរុសផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបង្ហាញពីគ្រោះថ្នាក់ទៅលើសុខភាពមនុស្សដែលបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ។
លោក អេ គ្រីស្ទី វីលៀមស៍ (A. Christy Williams) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ WWF អន្តរជាតិបានមានប្រសាសន៍ថា “ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវពិនិត្យមើលករណីនៅប្រទេសចិន ហើយយកគំរូតាម ដោយដាក់ចេញការហាមឃាត់នូវរាល់ការលក់ដូរសាច់សត្វព្រៃ ដើម្បីការពារសុខុមាលភាពនៃប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបង្ការភាពខូចខាតដល់សេដ្ឋកិច្ចរបស់ខ្លួន ដូចអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នស្រាប់ដោយសារតែវីរុស កូវីដ-១៩”។
លោកបានបញ្ជាក់ថា ប្រទេសទាំងនេះត្រូវតែបញ្ឈប់រាល់ការជួញដូរសត្វព្រៃកុំឱ្យហូរចូលក្នុងទឹកដីរបស់ខ្លួន។ លោកបានអំពាវនាវដល់រដ្ឋាភិបាលទាំងអស់នៃប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ឱ្យយកគំរូតាមការសម្រេចចិត្តរបស់ប្រទេសចិន ហើយដាក់ចេញនូវការហាមឃាត់ជាអចិន្ត្រៃយ៍ចំពោះការបរិភោគ និងការជួញដូរសត្វព្រៃ។ ជាមួយគ្នានេះ ការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេសនីមួយៗ សម្រាប់តំបន់ និងជាសកល ដោយសារវីរុសកូវីដ-១៩ ត្រូវបានគេសង្កេតឃើញកំពុងកើនឡើងរហូតដល់រាប់ពាន់លានដុល្លារ ហើយវានឹងបន្តជះផលប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ចសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទៀត។ លោកបានបញ្ជាក់បន្ថែមថា “យើងត្រូវតែចាត់វិធានការឡើងនៅក្នុងពេលឥឡូវនេះ ដើម្បីទប់ស្កាត់កុំឱ្យមានការកើតឡើងនូវជំងឺឆ្លងរាលដាលដទៃផ្សេងទៀត ដែលអាចនឹងបង្កជាទុក្ខវេទនា និងការស្លាប់ដល់ប្រជាជនយើង”។
លោកបានបន្ដទៀតថា តំបន់អាស៊ីអាគ្នេយ៍ជាប្រភពនៃផលិតផលសត្វព្រៃជាយូរមកហើយ ហើយក៏ជាទីតាំងច្រករបៀងសម្រាប់ការបញ្ជូនផលិតផលសត្វព្រៃបន្តទៅកាន់ប្រទេសចិនផងដែរ។ ទន្ទឹមនេះ ការបរិភោគសាច់សត្វព្រៃ ដែលអាចបង្កជាវីរុសដ៏គ្រោះថ្នាក់ ដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចការពារបាន អាចឆ្លងពីសត្វទៅមនុស្ស ហើយក៏ជាហេតុម៉្យាងដែលអាចកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាករណីក្នុងប្រទេសចិន អីច្ចឹងដែរ។ ដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណៈនេះ ដែលបណ្តាលមកពីការបរិភោគ និងជួញដូរសត្វព្រៃ ហើយក្រសួងពាក់ព័ន្ធទាំងអស់ ដែលមានភារៈកិច្ចទទួលខុសត្រូវក្នុងវិស័យការពារសត្វព្រៃ និងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ឱ្យរួមគ្នាដើម្បីសហការទាំងក្នុងផ្នែកជំនាញឯកទេស និងការប្រើប្រាស់ធនធានដែលមាន ដើម្បីបង្កើនការត្រួតពិនិត្យ និងតាមដានរាល់ទីផ្សារដែលមានផលិតផលសត្វព្រៃ។ ជាមួយគ្នានេះ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សារណៈជនដើម្បីឱ្យពួកគេ បញ្ឈប់ការលក់ដូរ និងបរិភោគសាច់សត្វព្រៃ ព្រមទាំងផលិតផលសត្វព្រៃដទៃផ្សេងៗទៀត។
លោក រ៉ុន ត្សុតត្សួយ (Ron Tsutsui) អគ្គនាយកនៃអង្គការ WWF-ជប៉ុន និងជាប្រធាននៃគណៈកម្មការនាយកសម្រាប់“កម្មវិធីយុទ្ធសាស្ត្រកំណើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” បានលើកឡើងថា ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺឆ្លងមុនៗដែលមានប្រភពចេញពីទីផ្សារលក់សត្វព្រៃ វិធានការចម្បងដែលគេបានប្រើនោះគឺការបង្ខាំងទុកអ្នកដែលបានឆ្លងជំងឺឱ្យនៅដោយឡែកពីគេ។
លោកបានចាត់ទុកការសម្រេចចិត្តរបស់ចិនក្នុងការចាត់វិធានការចំប្រភពនៃបញ្ហា គឺការបិទរាល់ទីផ្សារលក់សត្វព្រៃ និងការហាមឃាត់ការបរិភោគសាច់សត្វព្រៃជាអចិន្ត្រៃយ៍ ជាដំណោះស្រាយមួយដែលអាចនាំមកនូវការផ្លាស់ប្តូរស្ថានការបាន។
លោក បានបន្ថែមថា “គ្រប់រដ្ឋាភិបាលទាំងអស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី ត្រូវតែយកគំរូតាមចំណាត់ការនេះ ដើម្បីការពារសុខុមាលភាពរបស់មនុស្ស ក៏ដូចជាការអភិរក្សសត្វព្រៃផងដែរ”៕