ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុរៀបចំពិធី សម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៨ ក្រោមប្រធានបទ ទីក្រុងស្អាត

139
ខេត្តព្រះសីហនុ ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ “ទីក្រុងស្អាត” ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត  កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរ ខេត្ត សាលាក្រុងព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរបរិស្ថានខេត្តបានរៀបចំ សម្អាតទីក្រុង នៅ បរិវេណឆ្នេរអូឈើទាល (ឆ្នេរអារីស្តុន) ស្ថិតនៅភូមិ០៤ សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ ។
  ពិធីនេះធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្ត លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងស្ថាប័នដែលពាក់ព័ន្ធដែលបានចូលរួម ចំនួន ៣៤ស្ថាប័ន ចូលរួមប្រម៉ាណ១៧២១នាក់ ចុះប្រតិបត្តិការចំនួន ៣ គោលដៅ ពីអូរឈើទាលពីររហូតដល់អូរត្រេះមួយ ពីអូរឈើទាលពីរដោយផ្លូវ៥០២។
  ខេត្តព្រះសីហនុគឺជាខេត្តមានទីតាំងជាប់មាត់សមុទ្រនៅភាគនិរតីនៃប្រទេសកម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់ការអភិវឌ្ឍពហុវិស័យ ដោយសារកត្តាសក្តានុពលដ៏ខ្លាំងសំបើម ខេត្តនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនិងជាខេត្តនៃកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា។
   បច្ចប្បន្ននេះតាមរយៈគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោតរបស់រដ្ឋាភិបាល កញ្ចប់ថវិកាជាតិប្រមាណ៣០០លានដុល្លាអាមេរិកត្រូវបានអនុម័តដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ បណ្តាញលូ ប្រឡាយបង្ហូរទឹកនិងបរិស្ថាន។ស្របជាមួយគ្នានេះ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ពីរាជធានីភ្នំពេញចូលមកកាន់ក្រុងព្រះសីហនុ ការអភិវឌ្ឍ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែទឹកជ្រៅ បណ្តាញទឹកស្អាត អគ្គីសនី ប្រពន្ធ័ចម្រោះទឹកកខ្វក់ ការកែលម្អតំបន់ឆ្នេរខ្សាច់ តំបន់រម្យណីដ្ឋាននានាក្នុងខេត្ត…។ល។ បាននឹងកំពុងធ្វើការស្តារឡើងវិញជាអាទិភាពនិងធ្វើឡើងព្រមគ្នាដែរ។
  លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ឆ្នេរសមុទ្រខេត្តព្រះសីហនុសូមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តដោយសេរី ដោយពុំមានយកប្រាក់កាក់អី្វទាំងអស់ តែសូមចូលរួមសំអាតឆ្នេរទាំងអស់គ្នាផង។ លោកអភិបាលខេត្តបានថ្លែងអំណរគុណក្រៃលែងចំពោះការផ្តល់ កញ្ចប់ថវិកាជាតិយ៉ាងច្រើនសន្ធឹក ជូនខេត្តព្រះសីហនុ ដើម្បីធ្វើផ្លូវចំនួន៣៤ខ្សែ និងប្រឡាយមេចំនួន៥ខ្សែនៅក្នុងក្រុងព្រះសីហនុ ហើយបានបង្ហាញការប្តេជ្ញា “ រួមគ្នាគិត រួមគ្នាធ្វើ រូមគ្នាដោះស្រាយ” ដើម្បីបង្ការ ទប់ស្កាត់ ឈានទៅកាត់បន្ថយរាល់បទល្មើសក្នុងទឹកដីខេត្តព្រះសីហនុ ទាំងមូល និងចូលរួមយ៉ាងសកម្មអនុវត្តស្របតាមកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ លើកកំពស់អភិបាលកិច្ចល្អ ការពង្រឹងគុណភាពសេវាសាធារណៈក្នុងការអនុវត្តការងារដើម្បីឆ្លើយតបទៅនឹងបំណងប្រជាជនទូទៅ។
 អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បន្ត
ថា នឹងជំរុញការរៀបចំផែនការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមបណ្តាញផ្សព្វផ្សាយនានា និងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការជូញដូរមនុស្ស គ្រោះថ្នាក់ចរាចរណ៍ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការដោះស្រាយទំនាស់ដីធ្លី ការបណ្តុះបណ្តាលបង្កើនសមត្ថភាពមន្ត្រី ការតែងតាំងមុខតំណែងមន្ត្រីស្របតាមសមត្ថភាព ការបង្កើតព្រឹត្តិការណ៍កំសាន្តសប្បាយសម្រាប់ប្រជាជននិងភ្ញៀវទេសចរ ការរៀបចំសណ្តាប់ធ្នាប់តាមឆ្នេរ ការលើកកំពស់បរិស្ថាន ការយកចិត្តទុកដាក់លើកុមារកំព្រា និងការកុមារងាយរងគ្រោះក្នុងសហគមន៍ ជាដើម…។ល។
លោកអភិបាលខេត្តបានបន្តទៀតថា ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តទំនើប ស៊ីវិស័យ និងជាគោលដៅវិនិយោគលើពហុវិស័យដ៏ទាក់ទាញបំផុត។ ប្រជាជនទូទៅជាពិសេសអ្នកខេត្តព្រះសីហនុ ផ្ទាល់មានឱកាសទទួលបានផ្លែផ្កានៃការអភិវឌ្ឍនេះច្រើនដើម្បីធ្វើឲ្យមានជីវភាពល្អប្រសើរឡើង។ លោកបន្ថែមថា ស្ថិតក្នុងបរិបទនេះលោកស្នើឲ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ពង្រឹងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តអោយបានខ្លាំងក្លា។
ក្នុងឱកាសរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោកបានជំរុញឲ្យបង្កើតព្រឹត្តិការណ៍សង្រ្កានសមុទ្រ រៀបចំកម្មវិធីកំសាន្តសប្បាយផ្សេងៗដើម្បីឲ្យប្រជាជនបានចូលរួមសប្បាយ និងជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តព្រះសីហនុឲ្យបានច្រើន និងត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕
អត្ថបទដែលជាប់ទាក់ទង