ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្តល់ឱកាសការងារឲ្យស្រ្តី និងក្មេងស្រី ដើម្បីបានបង្កើនប្រាជ្ញាស្មារតី ពង្រីកសមត្ថភាព ចំណេះដឹង

84

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានមានព្រះរាជបន្ទូលគត់សម្គាល់ឃើញថា ចំនួនស្រ្តីបំពេញការងារក្នុងវិស័យសាធារណៈ និងឯកជន មានការកើនឡើង គួរឲ្យគត់សម្គាល់ ដែលនេះ បញ្ជាក់ឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសឲ្យស្រ្តី និងក្មេងស្រី បានបង្កើនប្រាជ្ញាស្មារតី ពង្រឹង និងពង្រីកសមត្ថភាពលើចំណេះដឹង ជំំនាញរបស់ខ្លួន និងការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ នយោបាយ ឯកជន សហគមន៍ និងគ្រួសារ។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន នូវព្រះរាជសារអបអរសាទរ​ខួ​បអនុស្សាវរីយ៍លើកទី​១​០៩ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០។

សម្តេចព្រះមហាក្សត្រី បានសម្តែងនូវការកោតសរសើរជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាននិងកំពុងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តផ្តោតយ៉ាងជាក់លាក់លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍជីវភាព និងសុខុមាលភាពនៃការរស់នៅ តាមរយៈការបង្កើតសមត្ថភាព ជំនាញ វិជ្ជាជីវៈ និងចំណេះដឹងប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើង នូវកំណើនសេដ្ឋកិច្ចនិងសន្តិសុខសង្គម។ សូមអរគុណផងដែរ ចំពោះដំណើរការយ៉ាងសកម្មនៃគណ:កម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តីនិងគ្រួសារខ្មែរ និងក្រុប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលរួមចំណែកមួយដ៏សំំខាន់ក្នុងការលើកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងតម្លៃស្រ្តីរួមទាំង សីលធម៌ សង្គម វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង។

សម្តេចព្រះមហាក្សត្រី ក៏បានគាំទ្រក្រសួងកិច្ចការនារី ដែលបាននិងកំពុងខិតខំប្រឹងប្រែងជំរុញ ការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីស្រ្តីបានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ តាមរយៈការកែប្រែឥរិយាបថសង្គមឲ្យទទួលស្គាល់ និងចាត់ទុកស្រ្តីជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គម ដោយជួយជំរុញការកសាង និងអភិវឌ្ឍន៍សមត្ថភាពស្រ្តី ក៏ដូចជាការផ្តល់ឱកាសឲ្យស្រ្តីចូលរួមប្រកបដោយសមធម៌ក្នុងគ្រប់ការងារ និងក្នុងគ្រប់វិស័យ និងសូមអំពាវនាវឲ្យបន្តការងារនេះតទៅទៀត ដើម្បីសេចក្តីសុខចម្រើន របស់ជនរួមជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង