អភិបាលខណ្ឌចំការមន៖ ជួបនារីៗសរសើរនារីក្នុងឱកាសទិវាសិទ្ធិនារី៨មីនា
ភ្នំពេញ៖ នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នេះក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»ហើយនិងមានការអញ្ជើញចូលរួមពីសំណាក់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មន្ត្រីជុំវិញសាលាខណ្ឌចំការមន ប្រមាណជា១០០រូបផងដែរ។
នាឱកាសនោះ លោកស្រី ឥន លីម្មី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ក៏បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជូនដល់អង្គពិធីផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលខកខានឡើយដោយ មានគោលបំណង រំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិសិរីភាព និងតួនាទី ស្មើភាពគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។
លោកអភិបាលខណ្ឌចំការមនបានលើកឡើងដោយសង្កត់ធ្ងន់ទៀតថាកត្តាសំខាន់ជាងនេះទៀត គឺទិវានេះបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នានាសម័យបច្ចុប្បន្ន អាចឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលនានាទាំងឡាយដែលសម្រេចបានក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ។ល។
នៅក្នុងឱកាសនោះដែរ លោកថេង សុថុល អភិបាលខណ្ឌចំការមនក៏បានបញ្ជាក់ថា ក្នុងនាមរូបគាត់ជាអភិបាលខណ្ឌចំការមនដោយ សូមគាំទ្រលើប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» បានរំលេចពីតម្លៃសុខសន្តិភាព និងអរគុណសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសន្តិភាពឲ្យនៅគង់វង្សយូរអង្វែងឆ្ពោះទៅមុខទៀតជានិច្ច។ហើយលើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ជាប់ព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
លោកអភិបាលខណ្ឌ ចំការមនថេង សុថុល បានលើកឡើងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ លើកកម្ពស់ស្ត្រី ក្នុងនោះបានដាក់បញ្ចូលស្ត្រីទៅបម្រើការងារនៅតាមស្ថាប័ន មន្ទីរ ក្រសួង និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ក៏ដូចក្នុងជួរ កងកម្លាំងប្រដាប់អាវុធផងដែរ ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ពោលគឺស្ត្រីអាចបំពេញការងារបានគ្រប់បែបយ៉ាងដូចបុរស និងមានភាពអត់ធ្មត់ជាងបុរសទៀត។
ក្នុងឱកាសនោះ ដែរលោក ថេង សុថុល អភិបាលចំការមនក៏បានជូននូវកនរណាត់ហូលទុកជាវត្ថុអនុស្សាវរីយ៍ ជូនដល់ដៃបងប្អូនជានារី ដែលបានចូលរួមខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០នេះ នៅសាលាខណ្ឌចំការមនប្រកបទៅដោយបរិយាកាសសប្បាយរីករាយផងដែរ៕
