ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចែកចាយរូបភាពនិងវីដេអូអាសអាភាសស៊ិចនៅក្នុងបណ្តាញសង្គម
ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយរូបភាពនិងវីដេអូអាសអាភាសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនិងបណ្តាញទំនាក់ទំនងTelegram។
ដោយការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបើកការស្រាវជ្រាវនិងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកជាពៅប្រធាននាយកដ្ឋានព្រមទាំងមានការសម្របសម្រួលពីលោកកែវសុធាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះយល់ធារ៉ាភេទប្រុស អាយុ១៨ឆ្នាំបានសារភាពថាកាលពីដើមខែមករាឆ្នាំ២០២០ខ្លួនពិតជាបានចាប់ផ្ដើមបង្កើតគណនីហ្វេសប៊ុកនិងTelegram ក្លែងក្លាយដើម្បីធ្វើសកម្មភាពផលិតរក្សាទុកនិងចែកចាយរូបភាពនិងវីដេអូអាសអាភាសកុមារនារីខ្មែរនិងបរទេសធ្វើអាជីវកម្មនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនិងបណ្តាញទំនាក់ទំនងTelegram ក្នុងគោលបំណងរកប្រាក់ចំនូលពីការទាញយកអ្នកទស្សនានិងលក់វីដេអូទាំងនោះហើយប្រភពវីដេអូទាំងនោះខ្លួនបានទាញយកពីបណ្តាញសង្គមផ្សេងៗ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះមានជនឆ្លៀតឱកាសបង្កើតGroup Chat និងChannel Telegram ដើម្បីចែកចាយរូបភាពអាសអាភាសនិងមានពេលខ្លះមានរូបអាសអាភាសកុមារដែលជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។
លោកឧត្តមសេនីយ៍ឯកជាពៅប្រធាននាយកដ្ឋានបានព្រមាននឹងចាត់វិធានការបន្តទៀតចំពោះករណីល្មើសខាងលើនេះ៕
