រកឃើញមនុស្ស៤៤នាក់ បានទាក់ទងជាមួយ ជនជាតិជប៉ុនដែលមានជំងឺកូវីដ១៩ ក្នុងនោះ៤នាក់មានទំនាក់ទំនងផ្ទាល់
ភ្នំពេញ៖ ក្រសួងសុខាភិបាលនិងអាជ្ញាធរខេត្តសៀមរាបបានរកឃើញមនុស្ស៤៤នាក់ដែលមានទំនាក់ទំនងជិតដិតនិងធ្លាប់មានទំនាក់ទំនងជាមួយជនជាតិជប៉ុនម្នាក់ដែលអាជ្ញាធរជប៉ុនបានរកឃើញមានផ្ទុកជំងឺកូវីដ១៩។ក្នុងនោះ៤នាក់ជាជនដែលមានទំនាក់ទំនងដោយផ្ទាល់និង៤០នាក់ទៀតធ្លាប់មានទំនាក់ទំនង។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងCDC នៃក្រសួងសុខាភិបាលបានឲ្យដឹងថា“សូមជំរាបជូនសាធារណជនឲ្យបានជ្រាបថាក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគCovid-19, ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្តនិងអាជ្ញាធរខេត្តសៀមរាបកំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុតនិធ្វេីការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ ។យេីងបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោលដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វេីដំណេីរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញហេីយរកឃេីញវិជ្ជមានCOVID-19 នៅទីនោះ ។
រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី ៥ មីនា ២០២០ មិនទាន់កឃេីញករណីថ្មីនៅឡេីយទេ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥“។
បើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិតលីសុវណ្ណប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២០រហូតមកដល់ម៉ោង៤៖៣០នាទីល្ងាចថ្ងៃនេះមនុស្សទាំង៤៤នាក់នេះមានសុខភាពជាធម្មតាមិនមានលេចចេញនូវភាពមិនប្រក្រតីណាមួយនោះទេ។
សូមរំលឹកថាលោកម៉មប៊ុនហេងរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានអះអាងថាក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយពីខាងភាគីជប៉ុនថាបុរសជនជាតិជប៉ុនពិតជាមានផ្ទុកមេរោគCovid-19 នៅពេលទៅដល់ប្រទេសជប៉ុន។
លោករដ្ឋមន្រ្តីបានបន្ថែមថាបុរសជនជាតិជប៉ុនរូបនេះជាធុរជនប្រកបអាជីវកម្មអន្តរជាតិចេញចូលច្រើនប្រទេសមិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេដូច្នេះយើងត្រូវតាមដានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ចំពោះករណីនេះរូបគាត់បានឆ្លងកាត់ប្រទេសកម្ពុជាវៀតណាមថៃហ្វីលីពីននិងជប៉ុនដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺCovid-19 នេះនៅប្រទេសណានោះទេ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រជប៉ុនបានចេញលិខិតប្រញាប់ណាស់មួយច្បាប់ដោយគោរពជូនលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិករណីបុរសជនជាតិជប៉ុនម្នាក់ផ្ទុកវីរុសខូវីដ19។
ក្នុងលិខិតប្រញាប់ណាស់នេះបានបញ្ជាក់ថានៅថ្ងៃព្រឹកថ្ងៃទី4 ខែមីនាឆ្នាំ2020 បុរសជនជាតិជប៉ុនម្នាក់មានអាយុជាង40 ឆ្នាំត្រូវបានរកឃើញថាមានផ្ទុកវីរុសខូវីដ19 ពេលមកដល់អាកាសយានដ្ឋានChubu ទីក្រុងNagoya ប្រទេសជប៉ុននៅពេលគាត់ទៅពិភាក្សាជាមួយក្រុមមន្ត្រីចត្តាឡីស័កដោយសារគាត់ពិបាកដកដង្ហើម។បុរសនេះបានធ្វើដំណើរទៅប្រទេសកម្ពុជានៅថ្ងៃទី16 ខែកុម្ភៈឆ្នាំ2020 ឆ្លងកាត់វៀតណាមហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី21 ខែកុម្ភៈ។គាត់បញ្ជាក់ថាមិនសូវស្រួលខ្លួននៅថ្ងៃទី21 ខែកុម្ភៈ។គាត់បញ្ជាក់ថាគាត់បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី28 ខែកុម្ភៈហើយនៅថ្ងៃទី3 ខែមីនាបានទៅពេទ្យមួយនៅស្រុកខ្មែរដោយមិនបញ្ជាក់ឈ្មោះនិងក៏មិនបានបញ្ជាក់ពីរោគសញ្ញានោះដែរ។
បុរសនេះបានចាកចេញពីអាកាសយានដ្ឋានសៀមរាបនៅម៉ោង20 និង57 នាទីថ្ងៃទី3 ខែមីនាឆ្នាំ2020 តាមជើងយន្តហោះVNB14 កៅអី33D ទៅអាកាសយានដ្ឋានTan Son Nhat ទីក្រុងហូជីមិញរួចប្ដូរជើងហោះហើរVN340 កៅអី2Cមកទីក្រុងNagoya។
មនុស្ស51នាក់រួមទាំងបុគ្គលិកបម្រើលើយន្តហោះដែលធ្វើដំណើរមកពីសៀមរាបជាមួយបុរសនេះត្រូវបានដាក់ឱ្យសុទ្ធដោយឡែកនៅទីក្រុងហូជីមិញ។
ជប៉ុនរកឃើញករណីកូរ៉ូណាវីរុសលើជនជាតិជប៉ុនមា្នក់ដែលបានធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសជប៉ុន។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមកាលពីថ្ងៃទី៤ខែមីនា។ចំពោះករណីនេះក្រសួងសុខាភិបាលគ្រោងនឹងបញ្ជាក់បន្ថែមនៅរសៀលនេះប៉ុន្តែរដ្ឋបាលខេត្តសៀមរាបអះអាងនៅថ្ងៃនេះថា ប្រទេសជប៉ុនមិនទាន់បានបញ្ជាក់ជាផ្លូវការនូវឡើយទេចំពោះករណីនេះ។
អ្នកដំណើរជនជាតិជប៉ុនដែលត្រូវបានលាក់អត្តសញ្ញាណរូបនេះបានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកាលពីថ្ងៃអង្គារទី៣មីនាពីក្រុងសៀមរាបប្រទេសកម្ពុជាទៅក្រុងហូជីមីញប្រទេសវៀតណាមដើម្បីបន្តដំណើរតាមជើងយន្តហោះដដែលឆ្ពោះទៅកាន់ប្រទេសជប៉ុន។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VN Express កាលពីយប់ថ្ងៃទី៤ខែមីនា។
ប្រភពដដែលឲ្យដឹងថាក្រោយពីធ្វើដំណើរដល់ព្រលានយន្តហោះNagoya របស់ជប៉ុនបុរសរូបនេះបានបង្ហាញរោគសញ្ញាហើយត្រូវបាននាំទៅកាន់មន្ទីរពេទ្យក្រោយមកក៏ត្រូវបានធ្វើតេស្តវិជ្ជមានរកឃើញមានជំងឺខូវីដ១៩៕


