ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកកឹម សុខា គាំទ្រកម្ពុជា ផ្តល់អាទិភា​ព ដើម្បីរួមគ្នា​ ប្រយុទ្ធប្រឆាំងជំងឺ Covid-19

122

 

ភ្នំពេញ៖ លោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានលើកយកសាររបស់លោកប្រធាន កឹម សុខា អំពីមេរោគ Covid-19! មកផ្សព្វផ្សាយ លើបណ្តាញសង្គមហ្វេសប៊ុក ផ្លូវការ របស់លោក។

លោកមុត ចន្ថា​ បានស្រង់សម្តីលោកកឹម សុខា មកបញ្ជាក់ថា ពេលនេះពិភ​ពលោក កំពុងតែប្រ​ឈម នឹងការរីករា​លដាល នៃជំងឺCovid-19 ដែលមិនត្រឹមតែ ប៉ះពាល់ដល់សុខភាព និងអាយុជីវិតមនុស្សលោកនោះទេ លើសពីនេះទៅទៀត​ វាអាចនាំឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរស់នៅ របស់មនុស្សជាច្រើន​ទៀតផង ក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរយើងផងដែរ។

លោកកឹម សុខា បានបញ្ជាក់ថា “ខ្ញុំយល់ឃើញថា ក្នុងកាលៈទេសៈនេះ យើងជាខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហា ប្រឈមទាំងពីរខាងលើ (ជំងឺនិងសេដ្ឋកិច្ច) ដែលប៉ះពាល់ ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង ដោយកុំប្រកាន់ និន្នាការនយោបាយ កុំប្រើប្រាស់បញ្ហានេះ បំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ​ វាយប្រហារគ្នា ដោយ​អសីលធម៌”។

លោកថា “ខ្ញុំសូមគាំទ្រចំពោះកម្ពុជាយើង ដែលពេលនេះផ្តល់អាទិភា​ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺ Covid-19 និងសូមលើកទឹកចិត្ត ដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្ម បានជោគជ័យជូនជាតិ និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា សូមថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយ័ត្ន ទប់ស្កាត់នូវជំងឺរាតត្បាតនេះ”។

ជាមួយគ្នានេះដែរ លោកកឹម សុខា សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រៃ បារមីវត្ថុសក្តិសិទ្ធិ សូមឲ្យប្រជាពលរដ្ឋខ្មែរ មានសុខភាពល្អ ជាពិសេសចៀសផុតពីជំងឺ Covid-19 និងសូមឲ្យមាន ជីវភាពរស់នៅប្រសើរឡើង កុំឲ្យជួបប្រទះ នូវវិបត្តិសេដ្ឋកិច្ចឲ្យសោះ៕

 

អត្ថបទដែលជាប់ទាក់ទង