អធិការប៉ូលិសស្រុកកៀនស្វាយ បង្ហាញខ្មោចឡាន ករណីគ្រោះថ្នាក់ចរាចរណ៍ គរពេញកន្លែងប៉ូលិស
កណ្ដាល៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ ដោយសូមធ្វើការអំពាវនាវ ទៅដល់បងប្អូនប្រជាជនគ្រប់រូប សូមឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា នៅពេលធ្វើដំណើរតាមមធ្យោបាយនានា នៅតាមដងផ្លូវដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនឯងផង និងអ្នកដទៃ ដែលប្រើប្រាស់ផ្លូវសាធារណៈរួមគ្នា ពិសេសបើស្រវឹង សូមកុំបើកបរ ហើយបើបើកបរសូមកុំពិសាគ្រឿងស្រវឹង គឺគោរពច្បាប់ចរាចរណ៍ ជាពលរដ្ឋល្អក្នុងសង្គម។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានលើកឡើងបែបនេះ បន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ជាហូរហែរ នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាល ពិសេសនៅលើកំណាត់ផ្លូវជាតិលេខ១ ដែលបណ្ដាលឲ្យមនុស្សប្រុស ស្រីរងរបួស និងស្លាប់បាត់បង់ជីវិត ដេករដូករណែល ពេញដងផ្លូវ និងខ្មោចឡាន ដោយដឹកអូសសណ្ដោង យកមករក្សាទុក នៅកន្លែងប៉ូលិស ដូចឃើញនូវក្នុងរូបភាពនេះ ស្រាប់ផងដែរ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាង បានឲ្យដឹងទៀតថា ដោយសូមស្នើ ទៅដល់អ្នកបើកបរ គ្រប់រូប ពិសេសអ្នកបើកបរឡាន ធុនធំតកន្ទុយវែងៗ និងតៃកុងតាក់ស៊ី សូមឲ្យបើកបរ ដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ពេល កំពុងបើកបរ ឬកាន់ដៃចង្កូតឡាន ហើយបើស្រវឹង សូមកុំបើកបរ កាលណាបើកបរពេលខ្លួនស្រវឹង វាតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ទៅដល់អ្នកដទៃ និងខ្លួនឯង ព្រមទាំងខូចខាតនូវ ទ្រព្យសម្បត្តិរបស់ខ្លួន និងអ្នកដទៃ តួយ៉ាងដូចមើលឃើញ នូវទ្រង់ទ្រាយឡានគ្រប់ធុន រងការខូចខ្ទេច មើលមិនយល់ដោយដាក់គរចោល នៅកន្លែងប៉ូលិសនេះជាដើម។
បើតាមការពិនិត្យមើល ដោយជាក់ស្ដែង ជារៀងរាល់ថ្ងៃយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្ដាល នាសព្វថ្ងៃនេះ គឺកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាហូរហែរដោយអ្នកបើកបរ ទាំងឡាយមួយចំនួនធំ គឺបើកបរខ្ជីខ្ជារ ហើយបើកលឿនៗ ហួសការកំណត់ គឺផ្លូវមួយបើកម្នាក់ឯង។
បញ្ហាប្រឈមទាំងអស់នេះ គឺដោយសារកត្តាមនុស្ស បើកបរក្រោមឥទ្ធិពលស្រវឹងស្រា និងតៃកុងឡានខ្លះទៀត មានសារធាតុញៀន នៅក្នុងខ្លួនថែមទៀតផង ហើយនៅពេលកម្លាំងសមត្ថកិច្ចប៉ូលិស ចុះដាក់គោលដៅត្រួតពិនិត្យទឹកនោម ដល់អ្នកបើកបរឡាន តាមផ្លូវជាតិលេខ១ម្ដងៗ នោះគឺរកឃើញតៃកុងឡានមួយចំនួន មានសារធាតុញៀន នៅក្នុងខ្លួន អីចឹងតើបានបើកបរឡានលឿនៗ ដូចហោះអីចឹង។ ដូចនេះដើម្បីសុវត្ថិភាពទាំងអស់គ្នានោះ ចូលបើកបរគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ទើបបើកបរមានសុវត្ថិភាព៕
