រដ្ឋបាលរាជធានី បាននិងកំពុង បាញ់លាងអាងស្តុបទឹកក្រោមដីចំនួន៥អាង នៅក្រោមសួនច្បារ មាត់ន្លេសាប ដើម្បីត្រៀមរំដោះទឹក នារដូវវស្សាខាងមុខនេះ




ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានកំពុងធ្វើសកម្មភាពក្នុងការបាញ់លាងអាងស្តុបទឹកក្រោមដីចំនួន៥អាង នៅក្រោមសួនច្បារតាមបណ្ដោយដងទន្លេសាប ក្នុងខណ្ឌដូនពេញ ដើម្បីត្រៀមរំដោះទឹក នារដូវវស្សាខាងមុខនេះ ។
លោកដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹក និងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៦ មិនា នេះថា
ដោយមានការណែនាំពីលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក និងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាន
ធ្វើការបាញ់អាងស្តុកទឹកក្រោមដីចំនួន៥អាងនៅខាងក្រោមសួនច្បារ តាមបណ្តោយមាត់ទន្លេសាបដោយក្នុងនោះ អាងទី១ដល់អាងទី៤ចាប់ពីមុខផ្សារ ចាស់រហូតដល់មុខបរុមរាជវាំងនិងអាងទី៥ នៅខាងក្រោមជាប់រោងដំរី ។
លោកដួង ចាន់សារ៉ាត បន្តថា អាងស្តុបទឹកនេះក្រុមការងារបានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី០២ មិនា ២០២០ ទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយគ្រោងបញ្ចប់នៅថ្ងៃទី០២ មេសា២០២០ ហើយការងារនេះត្រូវធ្វើឡើងរាល់ឆ្នាំដើម្បីត្រៀម ក្នុងការរំដោះទឹកនៅរដូវវស្សាខាងមុខនេះ ។ អាងស្តុកទឹកទាំង៥នេះ អាចរំដោះទឹកចេញបានពីតំបន់ផ្សារចាស់ ផ្សារថ្មីនិងមុខបរមរាជវាំងជាដើម។
លោកដួង ចាន់សារ៉ាត បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងចំណោមអាងស្តុបទឹកទាំង៥អាងនេះ មាន៤អាងស្ថិតនៅក្នុងគម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយ លូក្នុងភ្នំពេញ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICAជំហានទី២ និងអាងទី៥ជារបស់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះ អាងទី១ មានទំហំ២៥ ម៉ែត្រគុណនឹង៣ម៉ែត្រ ទី២ ទំហំ ៣៦ម៉ែត្រគុណនឹង១៥ ម៉ែត្រ អាងទី៣ទំហំ១១០ ម៉ែត្រគុណនឹង២៥ ម៉ែត្រ អាងទី៤ ទំហំ១២០ម៉ែត្រគុណនឹង១០ម៉ែត្រ និងអាងទី៥ទំហំ១៨ម៉ែត្រគុណនិង៩ម៉ែត្រ៕