ចិនកំពុងចាត់វិធានការ ដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម ក្នុងវិស័យវាយនភណ្ឌ នៅកម្ពុជា
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៩ខែមីនានេះ បានចេញផ្សាយព័ត៌មានថា “ក្នុងនាមជាបងប្អូនដែកថែប ប្រទេសចិនកំពុងតែចាត់វិធានការ សកម្មភាពយ៉ាងឆាប់រហ័ស ក្នុងការដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម ក្នុងវិស័យវាយនភណ្ឌ នៅក្នុងប្រទេសកម្ពុជា”។
លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។ ក្នុងនោះក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជា កំពុងតែចាត់វិធានការសម្របសម្រួល ធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ នៅក្នុងប្រទេសកម្ពុជា។ សហគ្រាស និងបុគ្គលិកចិនតែងលើកឡើងថា ការលំបាកដែលបងប្អូនកម្ពុជា កំពុងតែជួបប្រទះ វាគឺជាការលំបាករបស់យើងទាំងអស់គ្នា សង្ឃឹមថាយើងអាចជួយដល់ប្រទេសកម្ពុជា ដោយអស់ពីកម្លាំងកាយ និងចិត្ត។
តាមអ្វីដែលបានដឹង ក្រុមហ៊ុនដឹកជញ្ជូនSITC CONTAINER LINES CAMBODIA, ក្រុមហ៊ុនដឹកជញ្ជូនCOSCO SHIPPING/ RCL, ក្រុមហ៊ុនដឹកជញ្ជូនOriental Overseas Container Line, ក្រុមហ៊ុនដឹកជញ្ជូនSINOTRANS / RCL និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងទៀត បានសហការរួមគ្នាជាកម្លាំងធានា ក្នុងការធានាបាននូវកិច្ចការដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ដោយអស់ពីលទ្ធភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើម ច្រើនជាងគេមកកាន់កំពង់ផែក្នុងសប្តាហ៍នេះ។ ក្នុងនោះក្រុមហ៊ុនSITCដែលបានដឹកជញ្ជូនវត្ថុធាតុដើម ជាង៦០កុងតឺន័រ នឹងមកដល់កំពង់ផែខេត្តព្រះសីហនុមុនគេបង្អស់ នាថ្ងៃចន្ទ ទី៩ ខែមីនានេះ។ រីឯភាគីកម្ពុជាវិញ នឹងជួយសម្រួលការចុះចតនៃកប៉ាល់ដឹកវត្តុធាតុដើមនេះ ក្នុងកំពង់ផែខេត្តព្រះសីហនុ, ជួយលើកកម្ពស់អត្រាប្រសិទ្ធភាព នៃការដាក់ទំនិញចុះនិងអត្រាប្រសិទ្ធភាព នៃការផ្តល់ទំនិញដល់អតិថិជន នៅក្នុងកំពង់ផែផ្ទាល់, ជួយផ្តល់អទិភាពក្នុងការបើកច្រកបៃតង សម្រាប់រៀបចំឯកសារបែបបទ, ជួយផ្តល់អទិភាពក្នុងការដឹកជញ្ជូនកុងតឺន័រ តាមរយៈរថយន្តស្ទូចដោយបានសម្រួលពីខាងគយ និងការរៀបចំផ្សេងទៀតផងដែរ។
លោក Wu Guoquanមានប្រសាសន៍ថា យើងជឿជាក់ថាស្ថិតនៅក្រោមការគាំទ្រពីរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសហគ្រាសដែលពាក់ព័ន្ធ វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេររបស់ប្រទេសចិន នឹងដឹកជញ្ជូនមកដល់រោងចក្រកម្ពុជា បានយ៉ាងឆាប់រហ័ស ហើយការខាតបង់នៃភាគីកម្ពុជា នឹងអាចធ្លាក់ដល់អត្រាទាបបំផុត វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា នឹងឆ្លងផុតនូវដំណាក់កាលដ៏លំបាកមួយនេះ បានយ៉ាងឆាប់រហ័ស។
ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៩មីនា សម្តេចតេជោ បានជូននូវដំណឹងល្អសម្រាប់កម្មករកម្មការិនី ដោយក្នុងនោះមិត្តចិនបានផ្តល់នាវាចំនួន៧គ្រឿង ដឹកវត្ថុធាតុដើម មកមកប្រើប្រាស់ក្នុងរោងចក្រនៅកម្ពុជា ចាប់ពីខែមីនានេះ រហូតដល់ខែឧសភា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណមិត្តចិន ដែលបានចាត់វិធានការបញ្ជូននាវា៧គ្រឿង ដឹកកុងតឺន័រនាំវត្ថុធាតុដើម សម្រាប់រោងចក្រជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលកំពុងទន្ទឹងរង់ចាំ។ ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀត ចូលតាមច្រកហូជីមិញ ប្រទេសវៀតណាម ដែលនឹងមកដល់កម្ពុជានៅថ្ងៃនេះ ។
នេះជាដំណឹងដ៏ល្អសម្រាប់បងប្អូនកូនក្មួយកម្មករ កម្មការនី ព្រោះសង្វាក់ផលិតកម្មនឹងបន្ត ហើយកូនក្មួយនឹងបន្តការងារជាធម្មតា។ បន្ទាប់ពីរោងចក្រទទួលវត្ថុធាតុដើមគ្រប់គ្រាន់វិញហើយ គឺរោងចក្រនៅកម្ពុជានឹងដំណើរការងារល្អជាធម្មតាឡើងវិញ ដូច្នេះសូមបងប្អូនកូនក្មួយកម្មករកម្មការិនីកុំមានការព្រួយបារម្ភ៕