ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មិនមាន ពលរដ្ឋខេត្តក្រចេះ១៩នាក់ ឆ្លងមេរោគកូវីដ១៩ ដូចការបំពុលព័ត៌មានលើបណ្ដាញសង្គម នោះទេ

70

 

ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តក្រចេះបានបញ្ជាក់ថា
គិតមកដល់ត្រឹម ១៤:០០នាទី ថ្ងៃ៩ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងខេត្តក្រចេះ គ្មានអ្នកណាម្នាក់សង្ស័យកើតកូវីដ១៩ (Covid-19) ទេ។

មន្ទីរសុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ ដោយបដិសេធចំពោះព័ត៌មានមិនពិតថា ប្រជាពលរដ្ឋនៅស្រុកសំបូរចំនួនសរុប ១៩នាក់ ក្នុងនោះមានសិស្សវិទ្យាល័យហ៊ុនសែនសម្ភៈបុរៈសំបូរ ចំនួន០៦នាក់ ដែលបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ឆ្លងជំងឺកូវីដ១៩។

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានស្នើឱ្យអ្នកលេងបណ្តាញសង្គម សុំបញ្ឈប់ជាបន្ទាន់ ព័ត៌មានប្រឌិតមិនច្បាស់លាស់ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ច្របូកច្របល់ក្នុងសង្គម។

បើតាម មន្ទីរសុខាភិបាលខេត្តក្រចេះ គឺប្រជាពលរដ្ឋនៅស្រុកសំបូរចំនួនសរុប ១៩នាក់នោះ ក្នុងនោះមានសិស្សវិទ្យាល័យហ៊ុនសែនសម្ភៈបុរៈសំបូរ ៦នាក់ បានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីជូនដំណើរពលករចំនួន ៣នាក់ ទៅធ្វើការនៅប្រទេសជប៉ុន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ ពលករទាំង៣នាក់នោះ បានរៀនភាសាជប៉ុន នៅសាលាមួយដែលមានបុគ្គលិក ១នាក់ធ្វើការនៅក្នុងសាលានេះកើតជំងឺកូវីដ១៩ (Covid-19) ( បញ្ជាក់ដោយក្រសួងសុខាភិបាលកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០)។

ក្រុមការងារជំនាញរបស់មន្ទីរសុខាភិបាលខេត្ត បានធ្វើការអង្កេតស្រាវជ្រាវរកឃើញថា ក្រុមមនុស្សទាំង១៩នាក់ខាងលើ មិនបានជួបជាមួយជនជាតិខ្មែរដែលមានជំងឺកូវីដ១៩ (Covid-19) នោះទេ និងមកដល់ពេលនេះ គាត់ទាំងអស់គ្នាមានសុខភាល្អជាធម្មតា គ្មានបញ្ហាសុខភាពអ្វីឡើយ។ ពួកគាត់ទាំងនោះ កំពុងតែរស់នៅ ធ្វើការងារ និងរៀនសូត្រធម្មតា មិនមានការដាក់ឱ្យនៅដាច់ដោយឡែកឡើយ។ ប៉ុន្តែពួកគាត់ត្រូវតាមដានសុខភាពជាប្រចាំ និងត្រូវទៅពិគ្រោះនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ប្រសិនបើមានបញ្ហាសុខភាព។ នេះបើតាមការប្រកាសរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ។

មន្ទីរសុខាភិបាលខេត្តក្រចេះ បាននិងកំពុងវិធានការបង្ការ និងត្រៀមអន្តរាគមន៍ឆ្លើយតបទៅនឹងការរាតត្បាតជំងឺកូវីត១៩ (Covid-19) យ៉ាងយកចិត្តទុកដាក់បំផុត តាមគោលការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ចាប់តាំងពី២០ ខែមករា ឆ្នាំ២០២០ ដែលក្នុងនោះរួមមានៈ ពង្រឹងមន្ត្រីចត្តាឡីស័កនៅច្រកទ្វារអន្តរជាតិត្រពាំងសែ ពិនិត្យសុខភាពអ្នកធ្វើដំណើរឆ្លងព្រំដែន រៀបចំបន្ទប់ដោយឡែកសម្រាប់ជំងឺកូវីត (Covid-19) នៅក្នុងមន្ទីរបង្អែកទាំង៣ ពង្រឹងសមត្ថិភាពក្នុងការថែមទាំងព្យាបាល និងការបង្ការការចម្លងរោគដល់សេវាសុខាភិបាលសាធារណៈ និងឯកជន អប់រំអំពីវិធានការបង្ការការចម្លងកូវីត ១៩ (Covid-19) ដល់ប្រជាពលរដ្ឋទូទៅ និងសិស្សានុសិស្ស និងបានតាមដាន អង្កេតអំពីវិធានការស្រាវជ្រាវជាប្រចាំ។

គិតមកដល់ត្រឹម ១៤:០០នាទី ថ្ងៃ៩ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងខេត្តក្រចេះ គ្មានអ្នកណាម្នាក់សង្ស័យកើតកូវីដ១៩ (Covid-19) ទេ៕

អត្ថបទដែលជាប់ទាក់ទង