ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបង្កើត ក្រុមការងារមួយ ដើម្បី រងចាំទទួលទូរស័ព្ទHotlineពីប្រជាពលរដ្ឋ ពាក់ព័ន្ធ វីរុសកូវីដ ១៩

52
ភ្នំពេញ៖ ខណៈដែល វីរុសកូវីដ ១៩បាននិងកំពុងវាយឡុកធ្វើអោយមានការព្រួយបារម្ភពេញពិភពលោក និងដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នៃការរាលដាលនៃជម្ងឺនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតក្រុមការងារមួយ ដើម្បីរងចាំទទួលទូរស័ព្ទHotlineពីប្រជាពលរដ្ឋ ពាក់ព័ន្ធ វីរុសកូវីដ ១៩ ។
   ក្នុងន័យនេះរដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ប្រសិនបើមានចម្ងល់ ឬបញ្ហាអ្វីទាក់ទង
នឹងវីរុសកូវីដ ១៩ (COVID-19) នោះ សូមបងប្អូនទូរស័ព្ទមក Hotline លេខ ១២៩៩ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ជូនព័ត៌មានទាំងអស់ទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល មានដំណោះស្រាយ ឬចំណាត់ការបន្ត។
  គួរបញ្ជាក់ថា  ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ​ស្ដីពី​ករណី​វិជ្ជមាន​កូ​វីដ​១៩ លើ​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​អាយុ​៦៥​ឆ្នាំ ជា​អ្នកដំណើរ​តាម​នាវា​វី​គីង​គ្រូ​ស​ដ្យូ​ណី (Viking Cruise Journey) នៅ​ខេត្ត​កំពង់ចាម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយពីទទួលបាន លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាកាលពីរសៀលម៉ោង១៦និង៣០​នាទី​នៃ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ។
  ស្ត្រី​ជនជនជាតិអង់គ្លេសម្នាក់នេះមាន អាយុ ៦៥​ឆ្នាំ ជា​អ្នកដំណើរ​តាម​នាវា​ឈ្មោះ Viking Cruise Journey ចេញពី​កំពង់ផែ My Tho នៃ​ទីក្រុង​ហូ​ជី​មី​ញ សំដៅ​មក​ទីក្រុង​ភ្នំពេញ តាមរយៈ​ចូ​វ​ដុក ក្អម​សំណ​ និង​ហួស​ទៅ​ចូល​ចត​ប្រហែលជា​ម៉ោង​១៦:៣០​នាទី​រសៀល នៅ​ចំណត​នាវា​នៃ​ទី​រួម​ខេត្តកំពង់ចាម​។
   បច្ចុប្បន្ន ក្រសួងសុខាភិបាល​កំពុង​ចាត់ចែង​ឲ្យ​យក​ស្ត្រី​ជនជាតិ​អង់គ្លេស​រូបនោះ មក​ដា​ក់នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ដើម្បី​ព្យាបាល និង​តាមដាន​សុខភាព​គាត់​។ ទន្ទឹមនឹងនោះ មាន​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ទៀត​ដែល​ជិតដិត​ជាមួយ​ស្ត្រី​ជនជាតិ​អង់គ្លេស​មាន​វីរុស​កូ​វីដ​១៩​រូបនេះ មាន​លទ្ធផល​តេស្ត​អវិជ្ជមាន ដែល​បុគ្គល​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​នៅលើ​នាវា ហើយ​អ្នកដំណើរ​ផ្សេងទៀត​សរុប​ចំនួន ៣០​នាក់ និង​បុគ្គលិក​បម្រើការ​នាវា​សរុប​ចំនួន ៣៤​នាក់ (​សរុប​ទាំងអស់ ៦៤​នាក់​) ត្រូវ​ឲ្យ​នៅលើ​នាវា​ទាំងអស់ មិន​ឲ្យ​ចុះ​ចេញមក​លើគោក ដោយ​រង់ចាំ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម និង​ក្រសួងសុខាភិបាល​យក​សំណាក​វត្ថុ​វិភាគ​មក​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។
   គួរបញ្ជាក់ទៀតថា មន្ទីរសុខាភិបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តសៀមរាប នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះក៏ បានចេញប្រកាសជូនសាធារណជនថា បុរសម្ចាស់ PassApp ដែលដឹក ជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេស្ត ជាលទ្ធផលគឺអវិជ្ជមាន ហើយគាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈដែលជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាបបានឆ្លង ជំងឺកូវីដ១៩ ពី ជនជាតិជប៉ុនដែលផ្ទុកជំងឺកូវីដ១៩ នេះ។
  ពាក់ព័ន្ធនិងករណីនេះដែរក្លឹបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២០នេះដែរ នៅ ភោជនីយដ្ឋានទន្លេសាបាក់២ ក៏បានរៀបចំវេទិកាពិភាក្សាស្តីពី អ្នកសារព័ត៌មាន ចំពោះមុខ covid-19 នេះផងដែរ ខណៈដែលបច្ចុប្បន្ននេះ ព័ត៌មានទាក់ទងនឹង covid -19នេះ បាននិងកំពុងក្លាយជាប្រធានបទក្តៅមួយក្នុងចំណោមព័ត៌មានទូទៅ ដែលត្រូវផ្សព្វផ្សាយជាសាធារណៈ ។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺព័ត៌មានក្លែងក្លាយ ឬមិនច្បាស់លាស់ទាក់ទងនឹង covid -19ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាត តាមបណ្តាញសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងបង្កការភ័យខ្លាច។ ដូច្នេះហើយ ក្លឹបអ្នកកាសែតកម្ពុជា
រៀបចំវេទិកាពិភាក្សាជាមួយ អ្នកសារព័ត៌មានដើម្បីទទួលបានព័ត៌មានពិត មកផ្សព្វផ្សាយជូនដល់សាធារណជន ក៏ដូចជាចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជាមួយ covid -19និងប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ៕
អត្ថបទដែលជាប់ទាក់ទង