ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ស ថេត ប្រកាសឲ្យចូលកាន់តំណែង អធិការនគរបាលខណ្ឌច្បារអំពៅថ្មី លោក ម៉ៅ សឿត ជំនួសលោក អេម សារ៉ាវុធ និងបំពាក់ឋានន្ដរស័ក្ដិជូនមន្ដ្រីនគរបាល ចំនួន៨១រូប

54

 

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៃអធិការនគរបាលខណ្ឌច្បារអំពៅថ្មី លោក ម៉ៅ សឿត ជំនួសលោក អេម សារ៉ាវុធ ដែលត្រូវផ្លាស់ប្ដូរតួនាទីទៅជាអនុប្រធាននាយកដ្ឋានកិច្ចប៉ុស្តិ៍ នៃអគ្គស្នងការនគរបាលជាតិ។

ជាមួយគ្នានេះ លោកអនុសេនីយ៍ឯក ចន្ថា វ៉ាន់ឌី ក៏ត្រូវបានតែងតាំងពីនាយផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទៅជាអធិការរងនគរបាលខណ្ឌឬស្សីកែវផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា មន្ត្រីសកម្មជា មួយនឹងការងារបម្រើប្រជាពលរដ្ឋបានល្អ គឺត្រូវលើកទឹកចិត្ត ដោយការផ្តល់នូវតួនាទី និងតំឡើងឋានន្តរស័ក្តិ ចំណែកឯមន្ត្រីអសកម្មបម្រើប្រជាពលរដ្ឋ មិនបានល្អអាចនឹងត្រូវបានដកតួនាទី។

បន្ថែមពីនេះ លោកស្នងការ ក៏បានផ្តល់ការណែនាំទៀតថា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ មិនត្រូវមើលបណ្តាំគ្នា អង្គុយចាំចាប់កំហុសផ្ចាញ់ផ្ចាលគ្នា ដើម្បីដណ្តើម យកកន្លែងនេះកន្លែងនោះ ដូច្នេះប្រសិនបើរកឃើញត្រូវដកទាំងពីរនាក់តែម្តង។

លោកស្នងការក៏បានធ្វើការផ្តល់ជាមតិណែនាំល្អៗ ដល់មន្ត្រីទាំងអស់ដែលទើបទទួលបានតួនាទី និងឋានន្តរស័ក្ដិឲ្យមានអាកប្បកិរិយាល្អ និងសម្តីសមរម្យ ដើម្បីបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ជាពិសេសត្រូវធ្វើយ៉ាងណាដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា ដូចជាការលួច ឆក់ ប្លន់។

ដោយឡែក បញ្ហាប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកមុខសញ្ញា និងដឹកនាំបង្ក្រាបឲ្យបានជាប្រចាំ ក៏ដូចជាផ្តោតសំខាន់ដល់តាមបណ្តាខណ្ឌប៉ុស្តិ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ។

ពាក់ព័ន្ធនឹងការងារអគ្គិភ័យ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់ការិយាល័យអគ្គិភ័យ ត្រូវត្រៀមជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង ក្នុងការចេញជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានអគ្គិភ័យកើតឡើង ក៏ដូចជាចុះផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារកុំឲ្យមានអគ្គិភ័យកើតឡើង។

នាឱកាសនោះ លោក ម៉ៅ សឿត តំណាងឲ្យនាយនគរបាលជាតិ ដែលទើបផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ បានធ្វើការប្តេជ្ញាចិត្ត ដូចខាងក្រោម៖

*ទី១៖គោរព និងអនុវត្តដោយស្មោះត្រង់រាល់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
*ទី២៖ ខិតខំបំពេញភារកិច្ចតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានីភ្នំពេញ
*ទី៣៖ ខិតខំរឹតចំណងសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធឲ្យបានល្អ ដើម្បីធានាការអនុវត្តភារកិច្ចទទួលបានជោគជ័យ
*ទី៤៖ ប្រកាន់ខ្ជាប់អាកប្បកិរិយា សីលធម៌រស់នៅសុភាពរាបសារ ថ្លៃថ្នូរ និងម៉ឺងម៉ាត់ ក្នុងការងារសមស្របជាកងកម្លាំងនគរបាលជាតិ
*ទី៥៖ ពង្រីកសមត្ថភាពជំនាញ សមត្ថភាពផ្នែកច្បាប់ និងចំណេះដឹងភាសា ដើម្បីអនុវត្តភារកិ្ចធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងសង្គមធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ និងមានការគោរពស្រលាញ់ចំពោះនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង