ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការមកដល់នៃវត្ថុធាតុដើម សម្រាប់បម្រើ ឲ្យវិស័យកាត់ដេរ

55

ភ្នំពេញ ៖ GMAC បានចេញសេចក្តីជូនដំណឹង ស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរ និងវិធានការសម្របសម្រួសពិសេស របស់រាជរដ្ឋាភិបាល ក្នុងការដឹកជញ្ជូនវត្ថុធាតុដើមទាំងនោះ ទៅចែកចាយតាមរោងចក្រ។

សេចក្តីប្រកាសព័ត៌មានរបស់ GMAC នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្រោមកិច្ចអន្តរាគមន៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលទៅកាន់ភាគីចិនវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុបណ្ដើរបណ្ដាលហើយកាលពីថ្ងៃទី 9 ខែមីនា។ បន្ទាប់ពីការមកដល់នៃវានាដឹកជញ្ជូន ឈ្មោះ SITC Fujian ដែលផ្ទុកវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ នៅកំពង់ផែខេត្តព្រះសីហនុនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នឹងមាននាវាបន្តបន្ទាប់ទៀតមកដល់ផងដែរ ដែលរំពឹងថា រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ មាននាវាចំនួន១២គ្រឿងចូលចតនៅកំពង់ផែព្រះសីហនុ។

ទូរកុងតឺន័រត្រូវបានស្ទួងចេញយកដាក់នៅទីលានកុងតឺន័រ។ វិធានបន្ថែមប្រព្រឹត្តិកម្មច្រកបៃតងដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈ អគ្គនាយកដ្ឋានគយ បានជួយសម្របសម្រួលនីតិវិធីនិងបែបបទបញ្ចេញ ទំនិញ ពីកំពង់ផែភ្លាមៗ ហើយបានដឹកជញ្ជូនទៅចែកចាយតាមរោងចក្រនៅតាមតំបន់ផ្សេងៗ រួមទាំងរាជធានីភ្នំពេញផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអនុញ្ញាតជាពិសេស ឲ្យរថយន្តដឹកកុងតឺន័រទាំងនោះ អាចចរាចរណ៍បានទាំងយប់ទាំងថ្ងៃ និងបានចាត់ចែងសម្រួលចរាចរណ៍ផងដែរ ក្នុងករណីចាំបាច់នានា ដើម្បីធ្វើឲ្យការដឹកជញ្ជូនសម្ភារៈវត្ថុធាតុដើមទាំងនោះ ទៅកាន់រោងចក្រកាន់តែបានឆាប់។

រដ្ឋបាលរាជធានីភ្នំពេញក៏បានផ្ដល់ការអមដំណើរដល់រថយន្តកុងតឺន័រ ទាំងនោះ ដើម្បីបញ្ចៀសការកកស្ទះឬការឃាត់ទុកដោយនគរបាលចរាចរណ៍ដែលបានកំពុងសម្រួលសណ្ដាប់ធ្នាប់ដោយមិនបានដឹងថាទំនិញទាំងនោះជាសម្ភារៈវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរ៕

អត្ថបទដែលជាប់ទាក់ទង