ប្រជាកសិករការចិញ្ចឹមសត្វ មានសន្ទុះកើនឡើងរបស់បងប្អូន នៅខេត្តតាកែវ
តាកែវ៖ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ មានប្រសាសន៍ឱ្យដឹងកាល ពីព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ថា ក្នុងរយៈពេលជាងពីរខែដើមឆ្នាំ២០២០ នេះ ការចិញ្ចឹមសត្វរបស់បងប្អូនប្រជាកសិករនៅខេត្តតាកែវ មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។
លោកថៃ លី បានបន្តថា រីឯតម្លៃសត្វនៅលើទីផ្សារ មានការកើនឡើងខ្ពស់ និងមានតម្រូវការច្រើន។ ក្រៅពីចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ប្រជាកសិករយើងនៅបានបង្កើតជាកសិដ្ឋានចិញ្ចឹមសត្វខ្នាតតូច និងមធ្យម។ ក្នុងនោះមានកសិដ្ឋានចិញ្ចឹមគោចំនួន ០៦កន្លែង កសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៥៦កន្លែង កសិដ្ឋានចិញ្ចឹមមាន់ចំនួន ៥៤កន្លែង និងកសិដ្ឋានចិញ្ចឹមទាចំនួន ១៧២កន្លែង។
លោកប្រធានការិយាល័យផលិតកម្ម មានប្រសា សន៍បន្តទៀតថា ប្រជាកសិករនៅខេត្តតាកែវ មានការចិញ្ចឹមបក្សីចំនួន ៣.៧៦១.៤២០ក្បាល ក្នុងនោះមាន់មានចំនួន ២.៣៩៥. ៨១៦ក្បាល និងទាមានចំនួន១.៣៦៥.៦០៤ក្បាល ។ ស្រុកដែលមានការចិញ្ចឹមបក្សីច្រើនជាងគេ គឺស្រុកកោះអណ្តែត ស្រុកគីរីវង់ និងស្រុកទ្រាំង។ ក្រៅពីការចិញ្ចឹមបក្សីប្រជាកសិករនៅមានចិញ្ចឹមជ្រូកចំនួន២៣៦.១២០ ក្បាល គោសរុបចំនួន ៣២១.១៧៩ក្បាល ក្របីចំនួន៣. ៨៣៣ក្បាល សេះចំនួន ៦៣ក្បាល និងពពែសរុបចំនួន១.៣៦៧ ក្បាល។
លោក ថៃ លី មានប្រសាសន៍បន្ថែមថា ក្នុងឆ្នាំកន្លងទៅខេត្តតាកែវបានធ្វើការនាំសត្វបក្សីទៅកាន់ទីផ្សាររាជធានីភ្នំពេញបានចំនួន ១៤៤.០០០ក្បាល ក្នុងនោះមាន់រស់ចំនួន ៦៤. ៥០០ក្បាល និងទារស់មានចំនួន ៧៩.៥០០ក្បាល។ ចំណែកឯពងទាបានចំនួន ៦៩.៥ ០០០ គ្រាប់។ រីឯជ្រូកសាច់បានធ្វើការនាំចេញក្រៅខេត្ត និងរាជធានីភ្នំពេញមានចំនួន ១៧.១៩១ ក្បាល គោក្របីបានធ្វើការនាំចេញចំនួន ៨៦៦ក្បាល។
លោក ថៃ លី ក៏មានប្រសាសន៍ឱ្យដឹងដែរថា ការការពារជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺ ផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្រ្វិក មន្ត្រីបសុព្យាបាល បានចុះទៅបាញ់ថ្នាំសម្លាប់មេរោគតាមទីសាធារណៈ ទីសត្តឃាត ទីប្រជុំជនកសិដ្ឋាន និងលំនៅឋានសរុបបានចំនួន ១៧៦លើក ។ ក្រៅពីនេះមន្ត្រីបសុព្យាបាលក៏បានចុះទៅធ្វើការអប់រំដល់ប្រជាពលរដ្ឋពីវិធីបង្ការ និងទប់ស្កាត់ជំងឺដែលកើតលើសត្វ។ បើមានបញ្ហាអ្វីខុសប្រក្រតី ដែលយើងបានណែនាំ សូមឱ្យប្រជា ពលរដ្ឋទាក់ទងមកមន្ត្រីពេទ្យសត្វជាបន្ទាន់ ដើម្បីចុះពិនិត្យ និងរកវិធានការផ្សេងៗដើម្បីទប់ស្កាត់ជំងឺដែលកើតទៅលើសត្វកុំឱ្យបន្តរីករាលដាលតទៅទៀត៕