ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីផ្តល់ព័ត៌មានលំអិតជុំវិញ ដំណើរការនិងនីតិវិធីលទ្ធកម្មដេញថ្លៃជ្រើសរើសក្រុមហ៊ុនផ្តល់សេវាប្រមូល ដឹកជញ្ជូនសំរាម និងសំណល់រឹងនៅរាជធានី

179

ភ្នំពេញ៖ ដើម្បីអោយក្រុមហ៊ុនដែលត្រៀមខ្លួនក្នុងការ
ដេញថ្លៃ ប្រមូល ដឹកជញ្ជូនសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញបានទទួល ផ្តល់ព័ត៌មានលំអិត ជុំវិញ ដំណើរការនិងនីតិវិធីលទ្ធកម្មដេញថ្លៃ នៅរសៀលថ្ងៃ១២ មិនា ២០២០នេះ រដ្ឋបាលរាជធានីបានរៀបចំសន្និសីទមួយ ស្តីពី ដំណើរការនិងនីតិវិធីលទ្ធកម្មដេញថ្លៃជ្រើសរើសក្រុមហ៊ុនផ្តល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ។
កម្មវិធីនេះធ្វើឡើងដោយមានការចូលរួមពីក្រុមហ៊ុនចំនួនជាង២០ក្រុមហ៊ុន តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា តំណាង ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងបរិស្ថាន។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា បញ្ហាសំរាម សំណល់រឹង គឺជាបញ្ហាប្រឈមសំខាន់មួយ ក្នុងចំណោមបញ្ហាប្រឈមចំនួន ៣ ដែលរាជធានីភ្នំពេញ កំពុងជួបប្រទះ នោះគឺបញ្ហាស្ទះចរាចរណ៍ បញ្ហាស្ទះលូនិងបញ្ហាសំរាម ។ ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយបានដកសិទ្ធិលើការប្រមូល និងដឹកជញ្ជូន សំរាម របស់ក្រុមហ៊ុនស៊ីនទ្រី និងបានលុបចោល នូវយន្កការនៃការប្រមូលថ្លៃសំរាម តាម
វិក្តយបត្រអគ្គិសនី ។ ក្នុងន័យនេះ ដើម្បីរៀបចំកែសម្រួលប្រព័ន្ធ គ្រប់គ្រងសំរាម សំណល់រឹង អោយមានប្រសិទ្ធភាព តាំងពីដើមរហូតដល់ចប់ បានសេចក្តីថា តាំងពីការបង្កើតសំរាម រហូតដល់ការទុកដាក់ និងការកែច្នៃសំរាម រដ្ឋបាលរាធានីភ្នំពេញ ក្រោមការដឹកនាំ ជាគោនយោបាយនិងបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន យើងបានរៀបចំការគ្រប់គ្រងនេះជា២ដំណាក់កាល គឺដំណាក់កាលអន្តរកាល និងដំណាក់កាល ក្រោយពេលបានជ្រើសរើស ក្រុមហ៊ុនផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញរួច ។
លោកឃួង ស្រេងបន្តថា សម្រាប់ដំណាក់កាលអន្តរកាលនេះ ការផ្តល់សេវាប្រមូល និងដឹកជញ្ចូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ គឺអនុញ្ញាតអោយក្រុមហ៊ុនស៊ីទ្រ ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម ជាបណ្តោះអាស្នសិន រហូតដល់ មានក្រុមហ៊ុនថ្មី បានមកជំនួស ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំការផ្តាស់ប្តូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ តាមយន្តការថ្មី គឺការបង់ថ្លៃសំរាម តាមប្រព័ន្ធអេឡិចត្រូនិក ដេលបានចាប់ផ្តើមអនុវត្តទទួលការបង់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ ។
លោកអភិបាលបន្ថែមទៀតថា បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការរៀបចំដំណើរការ និងនីតិវិធី លទ្ធកម្មដេញថ្លៃ ដែលដំណើរការនេះនឹងត្រូវរៀបចំ អោយមានភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជ្រើសរើស ក្រុមហ៊ុនដែលមានសមត្ថភាព ពេញលេញ ទាំងបទពិសោធន៍ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកអភិបាលរាជធានីបញ្ជាក់ផងដែរ រាជធានីភ្នំពេញ នឹងត្រូវបែងចែកជា៣តំបន់ សម្រាប់អោយក្រុមហ៊ុន ធ្វើការជ្រើសរើស ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងទៅតាមតំបន់ទាំង៣ ផ្សេងៗគ្នា ហើយចំពោះដំណើរការ និងនីតិវិធីលទ្ធកម្មនេះ នឹងត្រូវឆ្លងកាត់ជា២ដំណាក់កាល ក្នុងនោះទី១ ការវាយតម្លៃ ជ្រើសរើសក្រុមហ៊ុនចំនួន ៣ ក្នុងការផ្តល់សេវាតាមតំបន់ដែលបានកំណត់ ។
សន្និសីតនេះត្រូវបានរៀបចំឡើង ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១២ ១៣ ខែមីនា ្ឆនាំ២០២០នេះ ក្នុងគោលបំណង ដើម្បីផ្តល់នូវព័ត៌មានសំខាន់ៗ ។ ក្នុងនោះ សម្រាប់ថ្ងៃទី១ ការធ្វើបទបង្ហាញ ដោយរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ និងជំនាញការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រធានបទ ស្តីពី
-ស្ថានភាព និងបច្ចុប្បន្នភាព នៃការគ្រប់គរ្ងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ នីតិវិធី និងកាលវិភាគ នៃដំណើរការដេញថ្លៃតាមដំណាក់កាលនីមួយៗ។
សេចក្តីណែនាំបច្ចេកទេស នៃដំណើរការដេញថ្លៃ ។
លក្ខខណ្ឌនៃការចូលរួមដេញថ្លៃ ។
សម្រាប់ថ្ងៃទី២ នឹងមានដំណើរទស្សនកិច្ច ស្វែងយល់អំពី ស្ថាភាពនៃការបញ្ចេញ ការទុកដាក់ និងវេចខ្ចប់សំរាមរបស់ប្រជាពលរដ្ឋ តាមបណ្តាផ្លូវមួយចំនួន និងការងារទុកដាក់សំរាម សំណល់រឹង នៅទីលានចាក់សំរាមដង្កោផងដែរ ។
លោកឃួង ស្រេងបន្ថែមទៀតថា សន្និសីទនេះ នឹងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ក្រុមហ៊ុន ក្នុងការរៀបចំឯកសារ ចូលរួមដេញថ្លៃ ហើយចំពោះកាលបរិច្ឆេទ នៃការដាក់ពាក្យ ចូលរួមដេញថ្លៃ គឺចាប់ផ្តើមទទួលពាក្យ ស្នើសុំចាប់ពីនេះតទៅ រហូតដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០ នាទីរសៀល ។ ដូច្នេះសូមបណ្តាក្រុមហ៊ុន ដែលមានចំណាប់អារម្មណ័ ចូលរួមដេញថ្លៃទាំងអស់ មេត្តា រួសរាន់បំពេញ រាល់ឯកសារ អោយបានត្រឹមត្រូវ តាមនីតិវិធីដែលបានកំណត់៕

 

អត្ថបទដែលជាប់ទាក់ទង