សម្តេចក្រឡាហោម ស ខេង៖ ការផ្សាយព័ត៌មានមិនពិតពីជំងឺ Covid-19 បង្កជាបទល្មើសបង្កភាពវឹកវរដល់សង្គម
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតពីស្ថានភាពមេរោគកូវីដ១៩ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ គឺជាបទល្មើសបង្កភាពវឹកវរដល់សង្គមទៅវិញ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែមីនានេះ សម្តេច ស ខេង បានថ្លែងថា រដ្ឋាភិបាលគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ តែសុំឱ្យពលរដ្ឋបែងចែកឱ្យច្បាស់រវាងការបញ្ចេញមតិទិតៀន និងការផ្សាយព័ត៌មានមិនពិត។ សម្តេចបានបន្ថែមថា ការផ្សាយព័ត៌មានមិនពិតនេះហើយដែលសម្តេចចាត់ទុកជាការធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍រួម និងសង្គម ដែលត្រូវមានវិធានការ។
សម្ដេចក្រឡាហោម បានណែនាំគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមដានទប់ស្កាត់ការបង្កចលាចល ក្នុងសង្គមគ្រប់រូបភាព និងការប៉ុនប៉ងបង្កបដិវត្តន៍ពណ៌ ទប់ស្កាត់ និងបន្សាបការផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត បង្កភាពច្របូកច្របល់ក្នុងសង្គម សម្ដេចបានអះអាងមិនមែន ជាការបញ្ចេញមតិដែលមានផលប្រយោជន៍ ឬស្របច្បាប់នោះឡើយ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដ៏ទៃ បង្កភាពវឹកវរក្នុងសង្គម ដូចយ៉ាងករណីCOVID19 ដែលទាមទារឱ្យមានការចាប់ខ្លួនយកមកអប់រំផង និងអនុវត្តច្បាប់ដោយមានទោសទណ្ឌផង។
សម្ដេចក្រឡាហោមបានណែនាំឱ្យយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ ដើម្បីឆ្លើតបនឹងការបំផុសបំផុលផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតបង្កឱ្យមានអំពើហិង្សាក្នុងសង្គម និងខិតខំបំផុសពលរដ្ឋចូលរួមគោរពច្បាប់ ការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ ចៀសវាងការចូលរួមសកម្មភាពប៉ះពាល់ផលប្រយោជន៍សង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ហើយអាជ្ញាធរត្រូវចៀសវាងការបង្កអំពើហិង្សាគ្រប់រូបភាព នៅពេលមានការតវ៉ាណាមួយពីប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ដូច្នេះថា៖ “គាត់បញ្ចេញមតិបាន តែសូមកុំភ្លេចថា មតិរបស់យើងបញ្ចេញទៅហ្នឹងល្អ ឬមិនល្អសម្រាប់សង្គម។ បើធ្វើទៅឱ្យវាវឹកវរ ធ្វើឱ្យច្របូលច្របល់ អាហ្នឹងកុំថាសិទ្ធិមកប្រើ មកសំអាងថាហ្នឹងជាសិទ្ធិសេរីភាព វាមិនត្រូវទេ អាចទិតៀនរដ្ឋាភិបាលថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់អញ្ចេះមួយ អញ្ចេះពីរបាន គឺអត់អីទេ តែបើផ្សាយព័ត៌មានមិនពិត គឺរឿងមួយផ្សេងទៀត”។
សម្ដេចបានបន្ថែមថា បញ្ហារីករាលដាលជំងឺCOVID19 កំពុងធ្វើប៉ះពាល់សុខភាពមនុស្សជាតិផង និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផង។
អញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្ដល់មតិណែនាំទៅកាន់អង្គសន្និបាត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការស៊ីវិល មន្ត្រីកងកម្លាំងនៃរដ្ឋបាលខេត្ត ដែលបានរួមគ្នាបំបេញតួនាទី សម្រចបានសមិទ្ធផលគ្រប់វិស័យ ចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
សម្ដេចក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ទប់ស្កាត់ដោយជោគជ័យ នូវផែនការប៉ុនប៉ងធ្វើបដិវត្តន៍ផ្ដួលរំលំរាជរដ្ឋាភិបាល និងបំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពីសំណាក់ក្រុមឧទ្ទាមមួយក្ដាប់តូច កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩ ធ្វើឱ្យគ្រប់វិស័យមានស្ថេរភាព ធានាបាននូវកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងធ្វើឱ្យការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ បានប្រព្រឹត្តទៅដោយលូន ហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងមានឱកាសទទួលផលពីកំណើនសេដ្ឋកិច្ច។
មុននឹងបញ្ចប់សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ត្រូវបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាព ប្រកាន់ខ្ជាប់គោលការណ៍អនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺCOVID19 និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា បន្ទាប់ពីសន្និបាតនេះទៅ រដ្ឋបាលខេត្តព្រៃវែង នឹងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត តាមទិសដៅដែលបានកំណត់ក្នុងឆ្នាំ២០២០នេះ៕