លោក គន់ គីម ជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុ ពង្រឹងយន្តការគ្រប់គ្រង គ្រោះមហន្តរាយ ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា
ខេត្តព្រះសីហនុ ៖នាយឧត្តមសេនីយ គន់ គីម ជំរុញឱ្យថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ត្រូវពង្រឹងយន្តការគ្រប់គ្រង គ្រោះមហន្តរាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។
នៅសាលាខេត្តព្រះសីហនុនាថ្ងៃ១០ ខែមីនានេះមានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០១៩និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពលោកនាយឧត្តម សេនីយ៍ គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបានពាំនាំនូវសេចក្តីនឹករលឹកនិងការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់សមាជិកអង្គប្រជុំទាំងមូល ។ តាមរបាយការណ៍របស់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តបញ្ជាក់ថាឆ្នាំ២០១៩នេះ ខេត្តទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ ប្រជាជន១៧៣៦គ្រួសារ លិចផ្ទះ៩៣៧ខ្នងរលំបាក់អាគារជាន់កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩បណ្តាលអោយរងរបួស២៦នាក់និងស្លាប់២៨នាក់។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ គន់ គីមបានជំរុញឱ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្តរៀបចំកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់មូលដ្ឋានឱ្យបានឆាប់ និងកសាងផែនការត្រៀមបំរុងសម្រាប់ឆ្លើយតប ពេលមានគ្រោះមហន្តរាយ និងណែនាំប្រជាជនអោយបង្ការអគ្គីភ័យ នៅក្នុងរដូវប្រាំងដែលងាយកើតមាន ព្រមទាំងចេះថែរក្សាសុខភាពការពារខ្លួនពីជំងឺឆ្លងនានា។
លោក ក៏បានលើកសសើរដល់ការកិច្ចសហការគ្នា រវាងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរការិយាល័យពាក់ព័ន្ធ និងអង្គការជាដៃគូរនៅក្នុងខេត្តដែលបានរួមគ្នាដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលា ពេលមានហេតុការណ៍៕