បុរសជនជាតិខ្មែរ ឆ្លងជំងឺ COVID-19មានសុខភាពល្អធម្មតា មិនមានភាពប្រែប្រួលឬមានរោគសញ្ញាអ្វីទាំងអស់
សៀមរាប៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកសួរសុខទុក្ខបុរសជនជាតិខ្មែរដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 ពីបុរសជនជាតិជប៉ុន ដែលកំពុងសម្រាក ដាក់ឲ្យនៅឡែកក្នុងមន្ទីរពេទ្យខេត្តសៀមរាប ។
លោក បានចូលជួបសួរសុខទុក្ខផ្ទាល់ អំពីបញ្ហាសុខភាព របស់ជនជាតិខ្មែរ ដែលបាននិងកំពុងស្នាក់នៅ ក្រោមការថែរទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារ អ្នកជំនាញនៃមន្ទីរពេទ្យខេត្តសៀមរាប។
បុរសជនជាតិខ្មែរដែលមានវិជ្ជមាន មេរោគ COVID-19 មានសេចក្តីរីករាយ និងជម្រាបជូន លោករដ្ឋមន្រ្តី អំពីស្ថានភាពសុខភាពរបស់គាត់ គឺមានភាពធម្មតា មិនមានភាពប្រែប្រួលឬមានរោគសញ្ញាអ្វីទាំងអស់ និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែគាត់ និងអ្នកដែលមានហានិភ័យ ចំពោះការឆ្លងមេរោគនេះ។
ក្នុងពេលដែរ លោក រដ្ឋមន្រ្តី បានណែនាំ ផ្តាំផ្ញើគាត់ឲ្យសហការជាមួយ គ្រូពេទ្យថែទាំ និងទទួលទានអាហារ ហាត់ប្រាណឲ្យបានទៀងទាត់ និងកុំឲ្យ មានការព្រួយបារម្ភអ្វីទាំងអស់។
ជាមួយគ្នាដែរ លោក រដ្ឋមន្រ្តី បានណែនាំនិងថ្លែងនូវការកោតសសើរ ដល់មន្រ្តីសុខាភិបាល ដែលបាននិងខិតខំប្រឹងប្រែងប្រតិបត្តិការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការមើលថែរទាំអ្នកជំងឺ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។ លោក មានសេចក្តីសង្ឃឹមយ៉ាងមុតមាំ ថាបុរសជនជាតិខ្មែរដែលមានផ្ទុកមេរោគ COVID-19 នឹងបានជាសះស្បើយ ពីជំងឺនេះក្រោមការមើលថែរព្យាបាលនៃលោកគ្រូ-អ្នកគ្រូពេទ្យក្នុងមន្ទីរពេទ្យខេត្តសៀមរាប៕