សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ដោយមានវត្តមានសមាជិករដ្ឋសភាពេលផ្តើមសម័យប្រជុំ ចំនួន១១៧រូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងសម័យប្រជុំ នាព្រឹកនេះផងដែរ។
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ បានលើកយកសេចក្តីព្រាងច្បាប់ចំនួន៦ មកពិភាក្សាអនុម័ត មាន សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលាយអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្មកិច្ច ព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពីការ អនុម័តយល់ព្រមលើពិធិសារទី១ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងស្តីពីពាណិជ្ជទំនិញអាស៊ាន។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម។
បន្ទាប់ពីបានពិភាក្សាគ្នាតាមនីតិវិធីរួចមក រដ្ឋសភាបានអនុម័តជាឯកច្ឆ័ន្ទ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និង យុត្តិធម៌នៃរដ្ឋសភាជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តី ព្រាងច្បាប់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាច្បាប់បើកផ្លូវដល់រាជរដ្ឋាភិបាលធ្វើការប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ការប្តូរឈ្មោះក្រសួងឧស្សាហកម្មគឺដើម្បីពង្រីកសក្តានុពល វិស័យឧស្សាហកម្មនៅកម្ពុជា ឲ្យទូលំទូលាយដើរស្របតាមយុគសម័យបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម៤.០។
សម័យប្រជុំរដ្ឋសភាបានបន្តពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់តាមរបៀបវារៈជាបន្តបន្ទាប់៕