ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីនឹងប្រេីប្រាស់រថយន្ត ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ខណ:មានបញ្ហា កង្វះទឹកខ្លាំង នារដូវប្រាំងនេះ

121

ភ្នំពេញ ៖ ស្របពេលដែលនៅតាមបណ្តាលខណ្ឌមួយចំនួននៅជាយក្រុង ជួបនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់យ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រេីប្រាស់រថយន្ត ដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ នៅតំបន់ជាយក្រុងទាំងនោះ ខណៈដែលសកម្មភាពនេះរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអនុវត្តដែរហើយនោះ។
ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជុំនាញ ពាក់ពន្ធ័នឹងបញ្ហាកង្វះទឹក២០១៩-២០២០ នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលេីកឡេីងថា អាជ្ញាធររាជធានី ភ្នំពេញ នឹងប្រេីប្រាស់រថយន្តដឹកទឹកដេីម្បីដឹកជូនប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង បេីនៅតែមិនគ្រប់ នឹងប្រេីរថយន្តអគ្គីភ័យ ដេីម្បីដឹកទឹកបម្រើជូនប្រជាពលរដ្ឋបន្ថែមទៀត។
លោកអភិបាលរាជធានីភ្នំពេញក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌនៅតាមជាយក្រុង ត្រូវតែផ្ដល់ព័ត៌មានឲ្យបានជ្រាបអំពីបញ្ហាកង្វះទឹកនេះទៅដល់ប្រជាពលរដ្ឋ ម្យ៉ាងទៀតយើងត្រូវរួមគ្នា ដោះស្រាយចំពោះបញ្ហានេះ ដើម្បីផ្គត់ផ្គង់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ និងជំរុញឲ្យការថែរក្សាស្រះទឹកក្នុងភូមិដើម្បីដោះស្រាយទឹកមួយចំណែកលើ ការលាង ការស្រោច និងការបោកគក់ជាដើម។
លោកស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញបានអោយដឹងថា តម្រូវការប្រើទឹកជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញត្រូវការប្រើប្រាស់
ច្រើន និងម្យ៉ាងទៀត ដោយសារកំពស់ទឹកទន្លេទាបវាបានធ្វេីអោយដំណេីរការបូមទឹកខ្សោយ ហេីយការចែកចាយទឹកជូនទៅប្រជាពលរដ្ឋក៏រឹតតែខ្សោយដែរ ហើយស្ថានភាពផ្គត់ផ្គង់ទឹកស្អាត មិនត្រឹមតែខ្វះនៅពេលនេះទេ គឺបន្តខ្វះអោយតែនៅរដូវប្រាំង រហូតដល់ឆ្នាំ២០២២ ។
លោកអគ្គនាយកបានលើកឡើងទៀតថា សព្វថ្ងៃនេះ
រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានទំហំត្រឹមតែ ជាង៦០ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលតម្រូវការប្រើប្រាស់ជាក់ស្តែង ជាង៧០ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ មានន័យថា យើងខ្វះទឹកប្រើប្រាស់ប្រមាណ១០ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ ដែលបានធ្វើអោយទឹកតំបន់ជាយក្រុងមានការខ្វះទឹកប្រើប្រាស់ខ្លាំង។
លោកស៊ឹម ស៊ីថាបានបញ្ជាក់ឲ្យដឹងផងដែរថា ដើម្បីកាត់បន្ថយនៃកង្វះទឹកប្រើប្រាស់នេះ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩នេះ បានចុះហត្ថលេខា ដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតមួយដែលមានសមត្ថភាពផលិតទឹកបានប្រមាណ៤០ម៉ែត្រគុបក្នុងមួយថ្ងៃ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ចំនួន៣ឆ្នាំ៩ខែ ហើយក្រោយពីរោងចក្រនេះស្ថាបនារួចរាល់នឹងអាចកាត់បន្ថយនៃការខ្វះទឹកនេះបានមួយកម្រិតទៀត។
លោកក៏បានបញ្ជាក់ថា ជុំវិញបញ្ហាខ្វះទឹកនេះមិនមែនការផលិតទឹករបស់យើងថយចុះនោះទេ តែដោយសារតម្រូវការប្រើប្រាស់កាន់តែច្រើន ពោលគឺរាជធានីភ្នំពេញមិនត្រឹមតែរីកទទឹងនិងបណ្តោយប៉ុណ្ណោះទេ សូម្បីតែកំពស់ក៏បានរីកឡើងខ្ពស់ផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ គ្រោងនឹងផលិតនូវទឹកឱ្យបានមួយលានម៉ែត្រគុបក្នុងមួយថ្ងៃនៅឆ្នាំ២០២៣ ។
ស្របពេលដែលស្ថានភាពទឹកមានការខ្វះខាតនេះ លោកស៊ឹម ស៊ីថា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋសន្សំសំចៃ លើការប្រើប្រាស់ទឹកស្អាតនេះ ដើម្បីអោយចរន្តទឹកអាចចែកចាយទៅដល់ប្រជាពលរដ្ឋដែលរស់នៅជាយទីក្រុង បានប្រើប្រាស់ផង ៕

 

អត្ថបទដែលជាប់ទាក់ទង