បងប្អូនខ្មែរ៤នាក់ ជាប់គាំងនៅសិង្ហបុរី
ភ្មំពេញ៖ស្ថានទូតកម្ពុជានៅសិង្ហបូរី ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរចំនួន៤រូប(នារី២រូបនិងបុរស២រូប) ដែលបានជាប់នៅព្រលានយន្តហោះChangi ប្រទេសសិង្ហបូរីបន្ទាប់ពីពួកគេបានធ្វើការជាបុគ្គលិកកាស៊ីណូនៅក្នុងប្រទេសហ្កាណាហើយកាស៊ីណូត្រូវបិទដោយសារបញ្ហាវីរុសកូវីដ១៩ទើបត្រឡប់មកកម្ពុជាវិញតែជាប់គាំងនៅសិង្ហបុរីនេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២០នេះ។
អាស្រ័យដោយមានការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំសិង្ហបូរី និងកិច្ចសហការពីក្រសួងការបរទេសសិង្ហបុរី អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី(CAAS) និងតំណាងក្រុមហ៊ុនអាកាសចរណ៍អេស្យូពីបានជួយរកជើងហោះហើរសម្រាប់អ្នកទាំង៤ដោយទិញសំបុត្រជាថ្មីមកកម្ពុជាពីសិង្ហបុរីនិងដោយត្រូវឆ្លងកាត់ទីក្រុងដូហានិងហូជីមិញតាមជើងយន្តហោះអាកាសចរណ៍កាតា(Qatar Airway)។ដោយចេញដំណើរពីសិង្ហបុរីនៅវេលាម៉ោង២០:២៥ក្នុងយប់ថ្ងៃ២៦មីនាពលរដ្ឋខ្មែរទាំង៤នាក់គ្រោងមកដល់កម្ពុជានៅព្រឹកព្រហាមថ្ងៃទី២៨ខែមីនានេះ។
ដើម្បីឲ្យពួកគាត់មានអារម្មណ៍កក់ក្តៅឯកឧត្តមឯកអគ្គរាជទូត ងួន សុខវេង និងលោកទីប្រឹក្សាស្ថានទូតបានទៅជួបសំណេះសំណាលជាមួយពួកគាត់នៅព្រលានយន្តហោះរហូតដល់គាត់ចេញដំណើរទៅ។ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានផ្តល់ជូនទឹកអនាម័យសំអាតដៃ និងម៉ាស ព្រមទាំងណែនាំឲ្យពួកគាត់អនុវត្តអនាម័យឲ្យបានខ្ជាប់ខ្ជួនទាំងក្នុងយន្តហោះនិងក្នុងព្រលានដែលត្រូវឆ្លងកាត់។
សូមបញ្ជាក់ផងដែរថាបងប្អូនខ្មែរទាំង៤នាក់នេះបានធ្វើការជាបុគ្គលិកកាស៊ីណូអស់រយៈពេល១០ខែមកហើយនៅក្នុងប្រទេសហ្កាណា។ដោយកាស៊ីណូត្រូវបិទដោយសារបញ្ហាវីរុសកូវីដ១៩ពួកគាត់ត្រូវត្រឡប់មកកម្ពុជាវិញហើយបានជាប់គាំងនៅសិង្ហបុរីតែម្តង៕