សម្ដេចពិជ័យសេនា ណែនាំដល់បញ្ជាការដ្ឋានកាំភ្លើងធំ គ្រប់គ្រងថែទាំសម្ភារយោធាឲ្យបានល្អ
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់បញ្ជាការដ្ឋានកាំភ្លើងធំ បន្តយកចិត្តទុកដាក់ គ្រប់គ្រងថែទាំសម្ភារយោធា ដែលរាជរដ្ឋាភិបាលបំពាក់ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ផ្តល់ឲ្យ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋាន សំភារៈបច្ចេកទេស ក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នៅក្នុងក្រសួងការពារជាតិ ជាច្រើនរូបទៀត បានអញ្ជើញចុះសាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ និងទៅត្រួតពិនិត្យមើលនូវសមិទ្ធផលនានា ដែលបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ សម្រេចបាននៅក្នុងពេលកន្លងមក។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ បានថ្លែងអំណរគុណដល់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានអញ្ជើញចុះសាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងទស្សនាពិនិត្យមើលនូវសមិទ្ធផលនានា ដែលបញ្ជាការដ្ឋានកាំភ្លើងធំខិតខំ កសាងបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ណុប រតនា បានបញ្ជាក់ថា៖ ក្នុងពេលបច្ចុប្បន្ននេះ កម្លាំង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ បានកំពុងចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ ក្នុងខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តម ចៅ ភិរុណ បានមានប្រសាសន៍ថា៖ ដើម្បីចូលរួមចំណែកថែរក្សា សម្ភារ បច្ចេកទេស ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ ប្រើប្រាស់បានយូរអង្វែង អគ្គនាយកដ្ឋាន សម្ភារបច្ចេកទេស ក្រសួងការពារជាតិ បានជួយសាងសង់ ឃ្លាំងសម្រាប់ទុកដាក់ ថែទាំបច្ចេកទេស ឲ្យដល់បញ្ជាការដ្ឋានកាំភ្លើងធំ បានជាច្រើនខ្នង។
ក្នុងពិធីសំណោះសំណាល សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់បញ្ជាការដ្ឋានកាំភ្លើងធំ ឲ្យបន្តយកចិត្តទុកដាក់ គ្រប់គ្រងថែទាំសម្ភារ ដែលរាជរដ្ឋាភិបាលបំពាក់ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ផ្តល់ឲ្យ ដើម្បីហ្វឹកហ្វឺន និងប្រើប្រាស់បានយូរអង្វែងទៅថ្ងៃអនាគត។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានណែនាំដល់ មេបញ្ជាការគ្រប់ជាន់ថ្នាក់ ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដល់កងទ័ព ក្នុងពេលដែលពិភពលោកទាំងមូល បានកំពុងរួមគ្នាទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺ កូវីដ ១៩ យើងត្រូវអនុវត្តការបង្ការ និង ទប់ស្កាត់ជំងឺ កូវីត ១៩ នេះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចពិជ័យសេនា បានបន្តថា៖ នៅពេលនេះ គ្រូពេទ្យយោធាកងទ័ពរំដោះប្រជាជនចិន ដែលមានបទពិសោធ និងជំនាញទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩ បានកំពុងជួយបង្ហាត់បង្រៀនដល់គ្រូពេទ្យ ខ.ភ.ម អំពីវិធីទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩ ដើម្បីរួមចំណែកការពារសុខភាពដល់កងទ័ពយើង ក៏ដូចជាជួយការពារសុខភាពដល់អ្នកដទៃទៀតដែរ។ ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, ឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភិរុណ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងប្រតិភូអមដំណើរទាំងអស់បានអញ្ជើញទៅពិនិត្យអគារ ឃ្លាំងទុកដាក់សំភារៈ អគារជួសជុលថែទាំបច្ចេកទេស របស់បញ្ជាការដ្ឋានកាំភ្លើងធំដែលបានសាងសង់ថ្មីបានប្រមាណ ៩០ភាគរយហើយ៕