ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់សណ្ឋាគារសែន ហាន ប្រគល់ទីតាំងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាទីកន្លែង ពិនិត្យថែទាំនិងព្យាបាលជម្ងឺកូរ៉ូណា១៩

190

ភ្នំពេញ៖ សណ្ឋាគារសែន ហាន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៣១៣ កែងផ្លូវ៦០០ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ត្រូវបានម្ចាស់សណ្ឋាគារនេះសម្រេចប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើជាទីតាំងពិនិត្យ ព្យាបាល ជំងឺកូរ៉ូណា១៩
ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំងក្លានិងមានរូបភាពសាហាវនៅលើពិភពលោកហើយ ក្នុងនោះប្រទេសកម្ពុជាក៏ស្ថិតក្នុងប្រទេសមួយដែលប្រឈមទៅនឹងកូរ៉ូណា១៩នេះផងដែរ ដោយ
ដល់ពេលនេះ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលគឺមានអ្នកផ្ទុកជម្ងឺនេះមានចំនួន១០២នាក់ហើយ។
គួរបញ្ជាក់ផងដែរថា សណ្ឋាគារសែន ហានគឺជាសណ្ឋាគារទី២ហើយ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ដែលត្រូវបានម្ចាស់សណ្ឋាគារចូលរួមសហការជាមួយរាជធានីភ្នំពេញដោយបានប្រគល់មកឲ្យរដ្ឋបាលរាជធានីភ្នំពេញដើម្បីធ្វើជាទីតាំងសម្រាប់ពិនិត្យនិងព្យាបាលជំងឺកូរ៉ូណា១៩។
ជុំវិញការផ្តល់ទីតាំងនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើលិខិតថ្លែងអំណរអរគុណលោកជំទាវឧកញ៉ាអ៊ាន អេឡែននិងឯកឧត្តមយិន សារ៉ាន់ ព្រមទាំងក្រុមគ្រួសារផងដែរ ដែលក្នុងលិខិតថ្លែងអំណរគុណនោះមានន័យដើមទាំងស្រុងថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញគណៈអភិបាលរាជធានីមន្ត្រីរាជការ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមថ្លែងជ្រាលជ្រៅចំពោះលោកជំទាវឧកញ៉ានិងឯកឧត្តមព្រមទាំងក្រុមគ្រួសារទៅដល់ទីតាំងសណ្ឋាគារសែនហាន អាសយដ្ឋានក្នុងសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញដើម្បីប្រើប្រាស់ជាទីកន្លែង
ពិនិត្យថែទាំនិងព្យាបាលជម្ងឺកូរ៉ូណា១៩ ។
តាមរយៈកាយវិការនិងគុណធម៌ខាងលើនេះលោកជំទាវអ្នកឧកញ៉ានិងឯកឧត្តមព្រមទាំងក្រុមគ្រួសារពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាល ទៅតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់ចែងវិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូរ៉ូណា១៩នៅភ្នំពេញដូចជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ គឺជាការយកចិត្តទុកដាក់និងក្តីអាណិតស្រឡាញ់ចំពោះជនរួមឈាមដោយឈរលើបុព្វហេតុជាតិសាមគ្គី ជាធ្លុងមួយក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះនៃការរាតត្បាតជម្ងឺកូរ៉ូណា១៩។
សមានចិត្តរបស់លោកជំទាវអ្នកឧកញ៉ានិងឯកឧត្តមព្រមទាំងក្រុមគ្រួសារនឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រាជធានីភ្នំពេញនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់។
ជាថ្មីម្តងទៀត ក្នុងនាមក្រុមប្រឹក្សារាជធានីអភិបាលរាជធានីមន្ត្រី រាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមជូនពរលោកជំទាវអ្នកឧកញ៉ានិងឯកឧត្តមទាំងក្រុមគ្រួសារក៏ដូចជាបុគ្គលិកសណ្ឋាគារទាំងអស់សូមទទួលបាននូវសុខភាពល្អជ័យជំនះលើគ្រប់ភារកិច្ចនិងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង