ចាប់ខ្លួនទាហាន២នាក់ ប្រព្រឹត្តអំពើហិង្សា ជនពិការម្នាក់
ភ្នំពេញ៖ ពាក់ព័ន្ធករណីមេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំង វាយបុគ្គលិកអគ្គិសនី ដែលជាជនមានពិការនោះ កងរាជអាវុធហត្ថខេត្តប៉ៃលិន ចាប់ខ្លួនទាហាន២នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ។
កងរាជអាវុធហត្ថខេត្តប៉ៃលិន បានឲ្យដឹងថា ទាហានការពារព្រំដែនលេខ៥០៤ ដែលប្រើអំពើហឹង្សាលើបុគ្គលិកអគ្គិសនីពិការ នៅស្រុក សាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានយោធភូមិភាគទី ៥ ប្រគល់ឲ្យ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ច និងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ករណីនេះលោក ឯម ច័ន្ទមករា បានស្នើឱ្យអាជ្ញាធរស្វែងរកមូលហេតុពិតប្រាកដនិងរកយុត្តិធម៌ដល់ជនរងគ្រោះដែលមានពិការភាព។
បើតាមឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា “យើងខ្ញុំកំពុងតាមដានករណីនេះ ដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ ហើយប្រសិនបើបុគ្គលិក មានពិការភាពរូបនោះ ប្រើពាក្យសម្តី ឬកាយវិការមិនសមរម្យ ចំពោះអតិថិជន គប្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គិសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ”។
មន្ទីរសង្គមកិច្ចខេត្តប៉ៃលិន បានឲ្យដឹងថា ករណីនេះ បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ និងកំពុងតែដំណើរការ ទៅតាមនីតិវិធីច្បាប់៕