អ្នកឆ្លងជំងឺកូវីដ-១៩ កើនដល់១០៣
ភ្នំពេញ៖ ក្រសួងជំនាញ អះអាងពីចំនួនអ្នកកើតជំងឺវីរុសកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា កើនដល់១០៣នាក់ ក្រោយពីក្រសួងប្រកាស ពីការរកឃើញករណីថ្មី១ទៀត លើស្រ្តីម្នាក់នៅប៉ោយប៉ែត។ គិតត្រឹមម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនានេះ អ្នកដែលក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលឱ្យជាសះស្បើយពីកូវីដ-១៩ មានចំនួន២១នាក់។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ”រហូតម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ យើងរកឃើញអ្នកជំងឺ COVID-19 ១នាក់ទៀត (ភេទស្រីជនជាតិខ្មែរប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺវិជ្ជមាន COVID-19) សរុបទាំងអស់ប្រទេសយើងមានចំនួន ១០៣ ករណី និង យើងបានព្យាបាលជាសះស្បើយចំនួន ៨នាក់ទៀត សរុប ២១នាក់ ស្លាប់គ្មាន ។ យើងពុំទាន់រកឃើញភស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ។
សូមបញ្ជាក់: ករណីជនជាតិអង់គ្លេសពីរនាក់ ព្យាបាលជាសះស្បើយនៅមន្ទីរខ្មែរ សូវៀត គាត់ទាំងពីរនាក់រកឃើញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពុងចាម តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ ។ បុរសជនជាតិបារាំង អាយុ ៦៩ឆ្នាំ និងបុរសជនជាតិខ្មែរឥស្លាមអាយុ ២៧ឆ្នាំ និងអាយុ ៦៣ឆ្នាំ ដែលជាអ្នកមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី។
ស្រ្តីដែលទើបតែរកឃើញថាមានកូវីដ-១៩នោះ បម្រើការងារនៅស្តាធីវី (Star TV) រស់នៅភូមិប៉ាលេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមក្រសួងសេចក្តី មានវ័យ៣៦ឆ្នាំ រូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ ដោយឡែកអ្នកជាសះស្បើយ៣នាក់ទៀត ស្ថិតនៅខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំ។
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ។ ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ៕