ជនបរទេសម្នាក់ ផ្តិតទឹកមាត់ ដាក់លុយដុល្លារក្លែងក្លាយ លើទូ ATM មិនមានជំងឺកូវីដ១៩
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ បានរាយការណ៍លម្អិត ពីព័ត៌មាន ករណីជនបរទេសម្នាក់ ផ្តិតទឹកមាត់ ដាក់លុយដុល្លារក្លែងក្លាយ ហើយទុកចោលលើទូ ATM ធនាគារអេស៊ីលីដា ជិតសាលានីម ។
នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីនាំខ្លួនយកទៅពិនិត្យកំហាករួចមក បានបង្ហាញជាលទ្ធផលថា ជនបរទេសនេះ មិនមានផ្ទុកមេរោគកូវីដ១៩នោះទេ ហើយនៅពេលនេះ សមត្ថកិច្ចអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំយកជនបរទេសនេះ ទៅពិនិត្យរកសារធាតុញៀន និងអនុវត្តបន្តតាមនីតិវីធីច្បាប់ ។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះឃាត់ ជនបរទេសម្នាក់ ដែលផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ ហើយដាក់ចោលលើទូ ATM អេស៊ីលីដា ជិតសាកលវិទ្យាល័យជាតិគ្រប់គ្រង។
ជនបរទេសដែលបានផ្តិតទឹកមាត់ដាក់លុយទុកលើទូ ATM នៅម្តុំសាលានីម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលបានយកដៃផ្តិតទឹកមាត់ដកលុយក្លែងក្លាយពីក្នុងហោប៉ាវ មួយសន្លឹកដាក់ទុកចោលលើទូ ATM ហើយបានចាកចេញទៅ កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ នោះ ពេលេនះ នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ត្រូវបាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងផែនសន្តិសុខ និងកម្លាំងខណ្ឌ ប៉ុស្តិ៍ នៃអធិការខណ្ឌដូនពេញ និងអាជ្ញាធរសង្កាត់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះឃាត់ខ្លួន នៅចំណុចផ្លូវ៦៣ កែង២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយបានរាយការណ៍ជូនក្រសួងសុខាភិបាលចុះមកអន្តរាគមន៍យកទៅកាន់មន្ទីរពេទ្យចាក់អង្រែ ដើម្បីយកសំណាកទៅធ្វើវិភាគ ៕