ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំកូរ៉េចែកជូនម៉ាស់ និងទឹកលាងដៃសម្លាប់មេរោគកូរ៉ូណា១៩ដោយមិនគិតថ្លៃ ជូនដល់បងប្អូនពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ










មន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េបានអោយដឹងថា
ជាទូទៅ ចុងសប្តាហ៍គឺជាថ្ងៃឈប់សម្រាកសម្រាប់មន្ត្រីរាជការ បុគ្គលិក និស្សិត និយោជិក ប៉ុន្តែសម្រាប់ថ្ងៃសៅរ៍ម្សិលម៉ិញនេះ ក្រុមការងារស្ថានទូត ព្រមទាំងស្ត្រីរៀបការស្វាមីកូរ៉េ និស្សិត ពលករ មិនបានសម្រាកនៅផ្ទះនោះទេ គឺបានជួបជួបគ្នាតាំងពីម៉ោង១០ព្រឹកដើម្បីរៀបចំ ផ្ទៀងផ្ទាត់ឈ្មោះ សរសេរអាសយដ្ឋាន វេចខ្ចប់នូវម៉ាស់ និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីចែកជូនដោយមិនគិតថ្លៃ (សូមបង់ថ្លៃសេវាប្រៃសណីយ៍នៅពេលទទួលឥវ៉ាន់) ដល់បងប្អូនពលរដ្ឋខ្មែរនៅប្រទេសកូរ៉េដែលពិបាកក្នុងការរកទិញម៉ាស់។
យើងខ្ញុំក៏សូមការយោគយល់ អធ្យាស្រ័យ ចំពោះការឆ្លើយតបយឺតយ៉ាវ ឬមិនទាន់បានផ្ញើរឥវ៉ាន់ទៅ ពីសំណាក់បងប្អូនដែលបានឆាតមកស្នើសុំតាមរយៈ ផេកហ្វេសប៊ុកស្ថានទូត ឬតាមរយៈលោកគ្រូ-អ្នកគ្រូនៅតាមតំបន់ផ្សេងៗ ដោយសារយើងខ្ញុំនិងពួកគាត់ពីថ្ងៃចន្ទដល់ថ្ងសុក្រគឺមានការងារ និងមុខរបររៀងៗខ្លួន ដូច្នេះគឺមានតែឆ្លៀតពេលថ្ងៃចុងសប្តាហ៍ដើម្បីរៀបចំវេចខ្ចប់ ហើយផ្ញើរតាមប្រៃសណីយ៍នៅថ្ងៃចន្ទ។
សម្រាប់ថ្ងៃសៅរ៍ម្សិលម៉ិញនេះ ស្ថានទូតបានចែកជូនម៉ាស់ និងទឹកលាងដៃសម្លាប់មេរោគដល់បងប្អូនពលរដ្ឋខ្មែរមានចំនួន៤៤៣នាក់ ហើយនៅតែបន្តចែកជូនទៀត ដូច្នេះសូមបងប្អូនដែលមានការលំបាកក្នុងការរកទិញ ហើយមានបំណងចង់បានម៉ាស និងទឹកលាងដៃ សូមឆាតចូលមកផេកហ្វេសប៊ុកស្ថានទូតឬតាមរយៈលោកគ្រូ-អ្នកគ្រូតាមតំបន់ដើម្បីចុះឈ្មោះដោយគ្រាន់តែបង្ហាញនូវអាយឌីកាត(ID-Card) ឬលិខិតឆ្លងដែន លេខទូរស័ព្ទ អាសយដ្ឋានដែលមានអ្នកនៅចាំទទួលឥវ៉ាន់ នោះស្ថានទូតនឹងរៀបចំផ្ញើរទៅដោយបងប្អូនគ្រាន់តែចេញថ្លៃប្រៃណីយ៍ទៅអ្នកប្រគល់ឥវ៉ាន់តែប៉ុណ្ណោះ។
ឆ្លៀតឱកាសនេះដែរក្រុមការងារស្ថានទូតក៏បានផ្តល់ជាសម្ភារៈមានដូចជាខោទឹកនោមសម្រាប់ទារក ម្សៅទឹកដោះគោសម្រាប់ទារក កន្សែងត្រជាក់ និងកន្សែងជូតខ្លួនសម្រាប់ទារកជូនដល់ស្ត្រីខ្មែរ១រូប និងម្តាយព្រមទាំងកូនប្រុសអាយុ៣ខែ ដែលស្ត្រីរូបនោះបានឆ្លងវីរ៉ុសកូរ៉ូណាពីស្វាមីរបស់គាត់ជាជនជាតិកូរ៉េ។ សូមបញ្ជាក់ថាមកទល់ពេលនេះ ពួកគាត់ទាំង៣នាក់បាននិងកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យមួយនៅខេត្តក្យង់គី ហើយស្ថានភាពរបស់ពួកគាត់ទាំង៣មានសុខភាពល្អជាធម្មតា៕