អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលទាំងស្រុងចំពោះ ព័ត៌មានដែលថា មានការបិទក្រុងនាប៉ុន្មានថ្ងៃទៀតខាងមុខ

លោកម៉េត មាស ភក្តី បានមានប្រសាសន៍បញ្ជាក់នៅល្ងាចថ្ងៃទី២៩ មិនា ២០២០នេះថា ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ និងក៏ជាចេតនាធ្វើអោយមានការសំរុកទិញទំនិញមកស្តុកបម្រុងទុកដែលនាំអោយជនឆ្លៀតឱកាសឡើងតំលៃថ្លៃផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕