រដ្ឋសភា កំពុងពិនិត្យសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន , ច្បាប់នេះ នឹងចេញក្រោយបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ដើម្បីពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន រួមជាមួយនឹងរបៀបវារៈមួយចំនួនទៀត។
ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៧ខែមេសានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “បន្ទាប់ទៅយើងត្រូវការប្រហែលជាមួយអាទិត្យទៀត ពេលនោះជាពេលវេលាដែលចូលឆ្នាំហើយ និងឆ្លងកាត់ព្រឹទ្ធសភាហើយ ។ ពិតមែនហើយ យើងបានស្នើសុំឲ្យមានការកោះប្រជុំវិសាមញ្ញ ប៉ុន្តែដោយសារបញ្ហាសុវត្ថិភាព មិនដឹងថាព្រឹទ្ធសភា អាចចេញបានមុខចូលឆ្នាំដែរឬអត់? ប៉ុន្តែបើទោះបីជាចេញមុខចូលឆ្នាំបាន ក៏ដោយ ក៏ត្រូវការពេលវេលាដើម្បីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញធ្វើការពិនិត្យអំពីធម្មនុញ្ញភាពរបស់វា។ ហើយនៅថ្ងៃសុក្រសប្តាហ៍ក្រោយ រដ្ឋសភានឹងធ្វើការសម្រេច។ ហើយច្បាប់នេះនឹងអាចធ្វើហើយនៅក្រោយចូលឆ្នាំខ្មែរ ហើយថ្ងៃណាឲ្យពិតប្រាកដគឺជាសមត្ថកិច្ចរបស់រដ្ឋសភា និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា និងរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
សម្តេចតេជោ បានបញ្ជាក់ថា សភាពការណ៍របស់ប្រទេសយើងក៏មិនទាន់ដល់អាសន្នដែលត្រូវដាក់ប្រញាប់ប្រញាល់ ប៉ុន្តែគ្រាន់តែយើងមានការចាំបាច់ត្រូវមានច្បាប់នេះ នៅក្នុងដៃ ។ ប៉ុន្តែយើងមិនប្រញាប់ទាន់ហន់ ថា ត្រូវតែអាទិត្យចេញឲ្យបាន ឬអាទិត្យនោះចេញឲ្យបាននោះទេ ហើយក៏មិនតម្រូវការដល់ថ្នាក់នោះទេ។
បើតាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានតែព្រះមហាក្សត្រ តែមួយអង្គប៉ុណ្ណោះដែលមានសិទ្ធិសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចំណែកប្រមុខរដ្ឋស្តីទី មិនមានសិទ្ធិនោះទេ។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា ឱកាសនៃការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន គឺមានត្រឹមតែ០,១ភាគរយប៉ុណ្ណោះ។ ច្បាប់ស្តីពីការដាក់ប្រទេសនៅក្នុងស្ថានភាពអាសន្នអាចនឹងត្រូវ ការពេវេលា រហូតដល់ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ មុនពេលដែលត្រូវបានរួចរាល់សម្រាប់ការប្រើប្រាស់តាមភាពចាំបាច់។ កម្ពុជាមិនទាន់ពិចារណាដល់ការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដោយសារតែស្ថានភាព កូវីដ១៩ រហូតមកដល់ពេលនេះគឺអាចគ្រប់គ្រងបាន។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៣ រួមមាន៖
១- ការពិនិត្យសំណើសុំប្រកាសទទួលស្គាល់ លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ជា វ៉ាន់ដេត ដែលបានសុំលាលែង។
២- ការពិនិត្យសំណើសុំផ្លាស់ប្តូរមុខតំណែងតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា។
២-១. ផ្ទេរ និងជ្រើសតាំង ឯកឧត្តម ឡូយ សុផាត ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជំនួស ឯកឧត្តម ជា វ៉ាន់ដេត
២-២. ជ្រើសតាំង ឯកឧត្តម ចាយ បូរិន ជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស ឯកឧត្តម ឡូយ សុផាត
២-៣. ជ្រើសតាំង លោកជំទាវ លី គឹមលៀង ជាលេខាធិការគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស ឯកឧត្តម ចាយ បូរិន
២-៤. ជ្រើសតាំង ឯកឧត្តម ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស លោកជំទាវ លី គឹមលៀង
៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។