ប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់កណ្តាលព្រៃសង្ស័យករណីឃាតកម្ម
ខេត្តក្រចេះ÷ ប្រទះឃើញសាកសពបុរសវ័យចំណាស់ម្នាក់ដេកស្លាប់កណ្ដាលព្រៃកាលពីព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២០ត្រង់ចំណុចទួលទ្រាំងស្ថិតក្នុងភូមិទ្រាបឃុំថ្មីស្រុកចិត្របុរី។
យោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាសាកសពដែលពលរដ្ឋប្រទះឃើញខាងលើត្រូវបានគេស្គាល់ថាមានឈ្មោះនៀលរ៉ាន់អាយុ៥២ឆ្នាំរស់នៅភូមិសេរីឃុំដារស្រុកចិត្របុរី។
បើតាមការលើកឡើងពីពលរដ្ឋមួយចំនួនបានបញ្ជាក់ថា រយៈពេលប្រមាណជាង២០ថ្ងៃកន្លងមកហើយដែលគេបានឃើញជនរងគ្រោះរួមដំណើរជាមួយបុរសម្នាក់ផ្សេងទៀត រស់នៅភូមិឃុំជាមួយគ្នាដែលត្រូវគេស្គាល់យ៉ាងច្បាស់ថាឈ្មោះអឿគ្រីដោយពួកគេទាំង២នាក់បានបើកគោយន្ដកន្រ្តៃចូលទៅចំណុចព្រៃខាងលើក្នុងគោលបំណងកាប់និងជ្រៀកឈើធ្វើជាបង្គោលរបង។
លុះបានប៉ុន្មានថ្ងៃក្រោយមកឈ្មោះអឿគ្រីបានវិលត្រឡប់មកផ្ទះវិញតែម្នាក់ឯងហើយបាននិយាយថាជនរងគ្រោះខាងលើនោះពុំដឹងជាបាត់ទៅទីណានោះទេក្រោយមកបុរសដែលឈ្មោះអឿគ្រីនេះបានរត់គេចខ្លួនបាត់ដោយមិនដឹងជាទៅទីណានោះទេ។
ក្រោយពីសមត្ថកិច្ចបានធ្វើការពិនិត្យកោសល្យវិច្ច័យរួចមកក៏បានប្រគល់សាកសពឲ្យទៅសាច់ញាតិនិងក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី។
ពាក់ព័ន្ធក្នុងករណីនេះផងដែរសមត្ថកិច្ចនគរបាលយុត្តិធម៌ឃុំថ្មីនិងស្រុកចិត្របុរីកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីបញ្ជាក់ឲ្យដឹងការពិតថាជាអំពើឃាតកម្មឬក៏ករណីអ្វីផ្សេងនោះ៕
