ចាប់ពីថ្ងៃទី១ខែឧសភាតទៅ នគរបាលនឹង ចាប់ផ្ដើមអនុវត្តការពិន័យអន្តរការណ៍ល្មើស នឹងច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីដែលប្រាក់ពិន័យបានតម្លើងពី៣ទៅ៥ដង
ភ្នំពេញ៖សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃនេះអំពីអត្រាធ្លាក់ចុះនៃគ្រោះថ្នាក់ចរាចរណ៍យ៉ាងល្អប្រសើរនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងត្រីមាសទី១ដើមឆ្នាំ២០២០នេះ។
នៅក្នុងសេចក្តីជូនដំណឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានគូសបញ្ជាក់ថានៅ១ត្រីមាសនៃឆ្នាំ២០២០នេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជាបានថយចុះ១៥០លើកស្មើ១៤ភាគរយ, ចំនួនអ្នកស្លាប់បានថយចុះ២០នាក់ស្មើ៤ភាគរយនិងអ្នករបួសបានថយចុះ២៧៧នាក់ស្មើ១៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
អត្រាធ្លាក់ចុះទាំងចំនួនគ្រោះថ្នាក់អ្នកស្លាប់និងរបួសនេះគឺជាលទ្ធផលកើតឡើងក្នុងបរិបទដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានជំរុញការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងសកម្មនៅទូទាំងប្រទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំ២០១៩។
ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សូមបញ្ជាក់ថាកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មីដែលប្រាក់ពិន័យត្រូវបានបង្កើនពី៣ទៅ៥ដងឯណោះបើធៀបនឹងអនុក្រឹត្យចាស់ដើម្បីជំរុញការគោរពនិងអនុវត្តច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។
ដូច្នេះសូមកងកម្លាំងសមត្ថកិច្ចទាំងអស់ពិសេសនគរបាលចរាចរណ៍បន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ចដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋនិងសូមបងប្អូនជនរួមជាតិគោរពច្បាប់និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ចដើម្បីសេចក្ដីសុខនិងសុវត្ថិភាពក្នុងការធ្វើដំណើរ៕
